ក្រសួងសាធារណការ និងក្រុមហ៊ុនចិនមួយគ្រោងរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្ម នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូនដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនិងក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដើម្បីប្រជុំពិគ្រោះយោបល់ និងដំណើរទស្សនកិច្ចសិក្សាទីតាំងសម្រាប់រៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្តុភារកម្ម នៅក្រុងប៉ោយប៉ែត។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅសាលាក្រុងប៉ោយប៉ែត ដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត បានសម្តែងនូវក្តីសង្ឃឹមនឹងទទួលបាននូវសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ខេត្ត តាមរយៈគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មនេះ។
ក្នុងប្រជុំពិគ្រោះយោបល់នោះដែរ លោក ឃ្លោក នួយ បានលើកឡើងថា គម្រោងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការសម្រួលដល់ការដឹកជញ្ជូនទំនិញ និងសេវាកម្មពីអ្នកផលិតទៅអ្នកប្រើប្រាស់ ព្រមទាំងមានប្រសិទ្ធភាពអាចជួយកាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនលទ្ធភាពទទួលបានផលិតផល និងបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ អាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ចូលមកកម្ពុជាកាន់តែច្រើន ដែលនេះនឹងបើកឱកាសដល់ការប្រកួតប្រជែង និងសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឈៀង ពេជ្រ បានបញ្ជាក់ថា ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងភ័ស្តុភារកម្ម ២០២៣-២០៣៣ (CITLS) មានចក្ខុវិស័យ បន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្លីក ដោយផ្តោតលើការជំរុញការកសាង ហេដ្ឋារចនា មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រាំទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការ សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់នោះថ្នាក់ដឹកនាំខេត្ត ក៏បានលើកឡើងពី ស្តារនុពលសំខាន់ៗដែលមាននៅក្នុងខេត្ត ជាពិសេសច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វាស្ទឹងបត់ ដែលជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងច្រកសេដ្ឋកិច្ចសំខាន់មួយចំនួនដែលមាននៅក្នុងខេត្តផងដែរ។
គួរឱ្យដឹងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានអនុញ្ញាតឱ្យក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ធ្វើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងប៉ោយប៉ែត (Poi Pet Logistics Park) ដើម្បីជំរុញការអភិវឌ្ឍគម្រោងនេះឱ្យបានទៅតាមការគ្រោងទុក ដោយក្រសួងស្នើសុំកិច្ចសហការពីអាជ្ញាធរខេត្ត ដើម្បីចុះពិនិត្យមើលទីតាំងសំខាន់ៗមួយចំនួននៅក្រុងប៉ោយប៉ែត សម្របសម្រួល និងរៀបចំឱ្យមន្ត្រីជំនាញពីអគ្គនាយកដ្ឋានភស្តុភារកម្ម និងក្រុមការងារក្រុមហ៊ុន CSCEC បានចុះពិនិត្យទីតាំងដ៏មានសក្តានុពលមួយចំនួននៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត៕