
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) លោក កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. និងអនុប្រធាន សមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. មានរបៀបវារៈចំនួន៣ ដែលត្រូវពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងនោះរួមមាន ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក. និង កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ ព្រមទាំងការងារផ្សេងៗ។
ជាលទ្ធផល ក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. បានសម្រេចអនុម័តជាគោលការណ៍លើ ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក. និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់ការផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
ទន្ទឹមគ្នានេះ អ.ដ.ក. នឹងធ្វើកិច្ចសហការក្នុងភាពជាដៃគូដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាមួយក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមមាន: ក្រសួងអធិការកិច្ច គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ជាដើម៕