គណៈប្រតិភូសភាអាល្លឺម៉ង់៖ កម្ពុជាកំពុងធ្វើដំណើរដ៏ល្អលើវិថី សន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស
ភ្នំពេញ៖ ប្រធានក្រុមសភានៃគណបក្ស AFD នៃសហព័ន្ធអាល្លឺម៉ង់ លោក Tino CHRUPALLA ចូលជួបធ្វើសវនាការ និងពិភាក្សាការងារ ជាមួយអនុប្រធានទី១ រដ្ឋសភា លោក ជៀម យាប នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ ប្រធានគណៈប្រតិភូសភានៃសហព័ន្ធអាល្លឺម៉ង់ បានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងថាកម្ពុជាកំពុងធ្វើដំណើរដ៏ល្អលើវិថី សន្តិភាព ស្ថេរភាព ដើម្បីការអភិវឌ្ឍប្រទេស។
លោក Tino CHRUPALLA បានដឹងពីតម្រូវការមួយចំនួនរបស់កម្ពុជា ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយឯកឧត្ដមនឹងនាំយកបញ្ហាទាំងនេះទៅពិភាក្សាគ្នានៅក្នុងគណៈកម្មការសភាអាល្លឺម៉ង់ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយអាចជួយចែករំលែកដល់កម្ពុជា ក៏ដូចជាចូលរួមក្នុងការជួយកសាងធនធានមនុស្សរបស់កម្ពុជា។
ទន្ទឹមនោះ លោក ជាម យៀប បានថ្លែងអំណរគុណជូនដល់សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា ខណៈវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមវិភាគទានពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យដល់កម្ពុជា។
ជាមួយគ្នានេះ លោក ជាម យៀប ក៏បានស្នើដល់សភា និងរដ្ឋាភិបាលអាល្លឺម៉ង់ សុំឱ្យជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ មកបណ្ដាក់ទុននិងធ្វើទេសចរណ៍កម្សាន្តនៅ ប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
អនុប្រធានទី១ រដ្ឋសភា ក៏បានស្នើសុំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងសភាទាំងពីរ ដើម្បីធ្វើការចែករំលែក និងសិក្សាបទពិសោធន៍ ពីគ្នាទៅវិញទៅមក ព្រមទាំងសូមស្នើ អាល្លឺម៉ង់បន្តជួយគាំទ្រជាជំនួយទ្វេភាគី ដល់កម្ពុជា និងដល់អង្គការសង្គមស៊ីវិល ក៏ដូចជាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យបានទៅបន្តការសិក្សានៅអាល្លឺម៉ង់បន្ថែមទៀតផងដែរ។
អនុប្រធានទី១ រដ្ឋសភា លោក ជៀម យាប គូសបញ្ជាក់ថា កិច្ចជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែលបានជួយគាំទ្រលើការអភិវឌ្ឍន៍គ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា៕