ភ្នំពេញ៖ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង ៦៥៦ពាន់តោន គិតជាទឹកប្រាក់ ៤៦៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។
តាមរបាយការណ៍ ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៣ មានកំណើន ៣ភាគរយ ហើយទំហំទឹកប្រាក់មានកំណើន ១៣ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
អង្ករកម្ពុជាបាននាំចេញទៅចំនួន ៦១គោលដៅ ក្នុងនោះនាំចេញប្រទេសចិនច្រើនជាងគេ គឺមានចំនួនជាង ២១ម៉ឺនតោន គិតជាទឹកប្រាក់ ១៣៨លានដុល្លារ និងនាំចេញទៅ ២៦ប្រទេសផ្សេងទៀតជាង ៨ពាន់តោន គិតជាទឹកប្រាក់ ៧៦លានដុល្លារ។
ក្នុងរបាយការណ៍បញ្ជាក់ថា អង្ករដែលកម្ពុជានាំចេញ ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ ៨២,២៩ភាគរយ អង្ករគ្រាប់វែង ១២,៩៤ភាគរយ អង្ករសគ្រាប់ខ្ចី ០,០៣ភាគរយ អង្ករចំហ៊ុយ ២,៩២ភាគរយ អង្ករសរីរាង្គ ១.៦២ភាគរយ និងអង្ករដំណើប ០,២០ភាគរយ។
ជាមួយគ្នានេះដែរ កម្ពុជានាំចេញស្រូវជាង ៤លានតោន គិតជាទឹកប្រាក់ ១,៣២ពាន់លានដុល្លារ មានការកើនឡើង ២៦,៥០ភាគរយ និងទឹកប្រាក់មានកំណើន ៥៦,៦៩ភាគរយ បើធៀបនឹងឆ្នាំ២០២២៕