ជប៉ុន៖ ប្រតិបត្តិការហោះហើរក្នុងអាកាសយានដ្ឋាន ហាណិដា (Haneda) ស្ថិតនៅទីក្រុងតូក្យូ បានវិលត្រឡប់មកសភាពធម្មតាវិញហើយនៅថ្ងៃទី០៨ ខែមករានេះ ពោលគឺត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះក្រោយពីកើតមាននូវឧបទ្ទវហេតុការប៉ះទង្គិចគ្នារវាងយន្តហោះធុនធំដឹកអ្នកដំណើរមួយគ្រឿង ជាមួយនឹងយន្តហោះធុនតូចមួយគ្រឿង ដែលបណ្ដាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត។
អ្នកដំណើរ និងបុគ្គលិកលើយន្តហោះធុនធំទាំងអស់ចំនួន ៣៧៩នាក់ត្រូវបានជម្លៀសចេញពីយន្តហោះធុនធំនៅនឹងកន្លែងកើតហេតុដែលបានផ្ទុះឆេះ ខណៈដែលមនុស្ស ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្តហោះធុនតូចរបស់ក្រុមឆ្មាំឆ្នេរសមុទ្រជប៉ុនដែលបានប៉ះទង្គិចនោះបានស្លាប់បាត់បង់ជីវិត។
ផ្លូវរត់មួយក្នុងចំណោមផ្លូវរត់ចំនួន ៤ នៃអាកាសយានដ្ឋាន Haneda ដែលត្រូវបានបិទចាប់តាំងពីមានឧបទ្ទវហេតុនោះបានកើតមានឡើង បានបិទដំណើរការរបស់ខ្លួនចាប់តាំងពីថ្ងៃទី០២ ខែមករាមកម្ល៉េះ ដែលបណ្ដាលឱ្យជើងហោះហើររាប់រយត្រូវបានផ្អាក និងលុបចោលការហោះហើររបស់ខ្លួន នៅក្នុងកាលវិភាគនៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ។ អ្នកនាំពាក្យអាកាសយានដ្ឋានបានថ្លែងប្រាប់សារព័ត៌មានថា "ផ្លូវរត់ C អាចប្រើប្រាស់បានវិញហើយ ដែលមានន័យថាអាកាសយានដ្ឋានទាំងមូលបានត្រឡប់មកធ្វើប្រតិបត្តិការធម្មតាវិញហើយ"។
មុននឹងអនុញ្ញាតឱ្យដំណើរការផ្លូវរត់ឡើងវិញនេះ កម្មករនៃអាកាសយានដ្ឋានបានប្រមូលយកកម្ទេចកំទីនៃយន្តហោះដែលបានឆេះទាំងពីរ ខណៈក្រុមអ្នកស៊ើបអង្កេតជប៉ុនរួមជាមួយសមភាគីមកពីប្រទេសបារាំង អង់គ្លេស និងកាណាដា កំពុងបន្តស៊ើបអង្កេតករណីគ្រោះថ្នាក់នេះ។ ឯកសារដែលបានចេញផ្សាយដោយក្រសួងដឹកជញ្ជូនជប៉ុនកាលពីសប្តាហ៍មុនបានបង្ហាញថា បញ្ហាប៉ះទង្គិចនេះទំនងជាបណ្ដាលមកពីការភ័ន្តច្រឡំពីមជ្ឈមណ្ឌលគ្រប់គ្រងផ្លូវហោះហើរនៃអាកាសយានដ្ឋាន និងមានការទទួលដំណឹងមិនច្បាស់លាស់ចំពោះផ្លូវរត់នៃអ្នកបើកបរផងដែរ៕