កោះកុង៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ ជាថ្ងៃឈប់សម្រាក គឺដើម្បីរំលឹកទៅដល់ការរស់រានមានជីវិត និងចងចាំសន្តិភាពជារៀងរហូត។ សម្ដេចថា អ្នកដែលមិនសប្បាយចិត្តនឹងទិវាសន្ដិភាពនៅកម្ពុជាមិនបាច់ឈប់សម្រាកនៅថ្ងៃនោះទេ។
សម្ដេចធិបតីថ្លែងក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺននាក់នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ព្រឹកថ្ងៃច័ន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ថាទិវាសន្តិភាពនៅកម្ពុជាគឺសម្រាប់ប្រជាជនខ្មែរទាំងអស់ដែលស្រឡាញ់សន្តិភាពនិងស្អប់សង្គ្រាម។
សម្ដេចថា ការដាក់ថ្ងៃនេះជាថ្ងៃឈប់សម្រាក គឺគ្មានអ្វីខុសនោះទេ ហើយមិនគួរណាត្រូវបានក្លាយជាប្រធានបទសម្រាប់អ្នករិះគន់ក្នុងការវាយប្រហារនោះដែរ។
ការលើកឡើងនេះគឺដោយឆ្លើយតបទៅនឹងអ្នករិះគន់មួយចំនួនដែលបានចាត់ទុកទិវាសន្ដិភាព ថ្ងៃ២៩ ខែធ្នូ គឺជាថ្ងៃរបស់គ្រួសារត្រកូលហ៊ុន។ សម្ដេចធិបតីមិនបានប្រកែកនោះទេក៏ប៉ុន្តែបញ្ជាក់ថា ត្រកូលហ៊ុន ក៏ស្ថិតនៅក្នុងចំណោមប្រជាជនខ្មែរទាំងអស់ដែលស្អប់សង្គ្រាមផងដែរ។
សម្តេចមានប្រសាសន៍ថា៖ «មានអ្នកខ្លះមករិះគន់ថា ដាក់ថ្ងៃនឹងជាថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាកគឺដើម្បីត្រកូលហ៊ុន។ ទិវាសន្តិភាពនេះគឺសម្រាប់ប្រជាជនកម្ពុជាទាំងអស់ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាម ក្នុងនោះមានត្រកូលហ៊ុនផងដែរ តែមិនផ្តាច់មុខត្រកូលហ៊ុនទេ គឺសម្រាប់ខ្មែរ ទាំងអស់ដែលស្រលាញ់សន្តិភាព និងបានផលពីសន្តិភាព គឺប្រជាជនទូទាំងប្រទេស»។
ជាមួយគ្នា សម្តេចធិបតីបញ្ជាក់ថា ដើម្បីមានសន្តិភាពគឺត្រូវមានគោលនយោបាយច្បាស់លាស់ ដែលនោះគែគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម។
គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជានាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យកំណត់យក «ថ្ងៃទី២៩ ខែធ្នូ» ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» និងអនុញ្ញាតឱ្យឈប់សម្រាកមួយថ្ងៃ។
ថ្ងៃទី២៩ ខែធ្នូ ក៏ថ្ងៃដើម្បីអបអរនៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងការកសាងវិមានឈ្នះឈ្នះផងដែរ៕