រយៈពេល៤ឆ្នាំ រដ្ឋាភិបាលចំណាយជាង៦៦លានដុល្លារសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រជាង៣ម៉ឺនគ្រួសារក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤គ្រួសារក្រីក្រ និង "ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-19" ក្នុងខេត្តបន្ទាយមានជ័យ មានជាង៣ម៉ឺនគ្រួសារ មានប័ណ្ណសមធម៌ គិតជាសាច់ប្រាក់ជាង៦៦លានដុល្លារ។
មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ជូនដល់លោក-លោកស្រីអ្នកពាក់ព័ន្ធ មេឃុំ-ចៅសង្កាត់ និងមន្រ្តីទទួលបន្ទុកកម្មវិធីឃុំ-សង្កាត់ តំណាងអង្គការដៃគូ ធ្វើឡើងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី បានលើកឡើងពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដែលបានចាប់ផ្តើមអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០ គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មានគ្រួសារដែលមានបណ្ណសមធម៌បានបើកប្រាក់ប្រចាំខែចំនួន៣២,១៩៨គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ២៦៤,៤៥២,៩២៨,០០០រៀល គិតជាលុយដុល្លា៦៦,១១៣,២៣២ដុល្លារ។
លោកលើកឡើងបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំមានអ្នកទទួលផលមកចុះឈ្មោះតាមឃុំ-សង្កាត់ ចំនួន១១,៤១០នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៧៩៣,៤៨០,០០០រៀល និងអ្នកមកអនុវត្តលក្ខខណ្ឌនៅមណ្ឌលសុខភាពសាធារណៈចំនួន ១០០,៣៨៣ករណី ស្មើនឹងទឹកប្រាក់ចំនួន៥,៩០៤,៨៤០,០០០រៀល គិតជាលុយដុល្លាស្មើនឹង ១,៤៧៦,២១០ដុល្លារ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសនោះ គឺចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីដំណើរការទទួលបានជោគជ័យ លោកស្រី អភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍មួយចំនួន ១-ស្នើដល់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ, ២-សម្របសម្រួល និងឆ្លើយតបនូវបញ្ហាផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលា, ៣-សហការជាមួយអង្គការ សមាគម និងដៃគូរអភិវឌ្ឍនានា ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕