តារាសម្ដែង Christian Oliver បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Caribbean ជាមួយកូនស្រី ២នាក់
អាល្លឺម៉ង់៖ លោក Christian Oliver ដែលជាតារានៃខ្សែភាពយន្តដូចជា "Speed Racer" និង "Valkyrie" បានស្លាប់រួមជាមួយកូនតូចៗ ២នាក់របស់គាត់ បន្ទាប់ពីយន្តហោះរបស់ពួកគេបានធ្លាក់ចូលទៅក្នុងសមុទ្រនៅជិតកោះ Caribbean។
តារាសម្តែងជនជាតិអាមេរិកដើមកំណើតអាល្លឺម៉ង់ Christian Oliver ដែលបានសម្តែងក្នុងខ្សែភាពយន្តជាមួយ Tom Cruise និង George Clooney បានស្លាប់ជាមួយនឹងកូនស្រី ២នាក់របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅឆ្នេរសមុទ្រនៃកោះ Caribbean។
យោងតាមសារព័ត៌មានអន្តរជាតិ ឱ្យដឹងថា យន្តហោះដែលមានម៉ាស៊ីនតែមួយ បានហោះឡើងនៅម៉ោងប្រហែល ១២:១០នាទី ម៉ោងក្នុងស្រុក ពីព្រលានយន្តហោះក្នុង Bequia ដែលជាកោះតូចមួយដែលជាកម្មសិទ្ធិរបស់ប្រទេស St Vincent និង Grenadines។ ក្នុងអំឡុងពេលហោះហើរពេលរសៀល យន្តហោះបានជួបប្រទះបញ្ហាដែលមិនអាចពន្យល់បាន បណ្តាលឱ្យធ្លាក់ចូលទៅក្នុងមហាសមុទ្រភ្លាមៗបន្ទាប់ពីវាបានហោះឡើង។
ទន្ទឹមនោះ ឆ្មាំឆ្នេរសមុទ្រ Grenadines បានខិតខំប្រឹងប្រែងជួយសង្គ្រោះ ដែលមានការជួយដោយអ្នកនេសាទ និងអ្នកមុជទឹកនៅក្នុងតំបន់ភ្លាមៗផងដែរ តែគួរឱ្យសោកស្តាយ នៅទីបំផុត ពួកគេបានរកឃើញសាកសពចំនួន ៤នាក់ពីបំណែកយន្តហោះ ដោយកំណត់អត្តសញ្ញាណពួកគេថាជា លោក Christian Oliver និងកូនស្រីរបស់គាត់ ក៏ដូចជាអ្នកបើកបរយន្តហោះ លោក Robert Sachs។
គួរឱ្យដឹងដែរថា តារាសម្តែងជនជាតិអាឡឺម៉ង់ Christian Oliver បានធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តអស់រយៈពេលជាង ១៥ឆ្នាំជាមួយនឹង Steven Soderbergh ក្នុងរឿង The Good German។ ជាមួយ Brian Singer និង Tom Cruise ក្នុងរឿង Valkyrie និងជាមួយបងប្អូនស្រី Wachowski ក្នុងរឿង Speed Racer។ គាត់ក៏បានសម្តែងនៅក្នុងស៊េរីសកម្មភាពលេខមួយរបស់អឺរ៉ុប Alarm for Cobra 11 (RTL) អស់រយៈពេល ២ឆ្នាំ និងបានបង្ហាញខ្លួនតាមទូរទស្សន៍ជាច្រើនផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់៕