សម្តេចតេជោ៖ ស្មារតី ៧មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនយើងដើម្បីកសាងប្រទេសមានសន្តិភាព
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងមិទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៥ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ថា ស្មារតី៧ មករាមានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនខ្មែរក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមានឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ថ្លែងថា៖ «បើគ្មានជ័យជម្នះ ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ស្មារតី ៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើង ពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ»។
សម្តេចតេជោ គូសបញ្ជាក់ថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជននូវសិទ្ធិសេរីភាពពេញលេញ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងផលលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ចីឈានដល់ដំណាក់កាលអភិវឌ្ឍលើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព។
បើតាមសម្តេចតេជោ តាមរយៈបណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលកម្ពុជាសម្រេចបានទាំងអស់នេះ បានបង្ហាញច្បាស់ថា កម្ពុជាបាននិងកំពុងឈានទៅមុខតាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយនឹងសភាពការណ៍ជាក់ស្តែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។
ជាមួយគ្នានេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន កម្មករ កសិករ អាជីវករ ព្រះសង្ឃ បព្វជិតនៃសាសនានានា បញ្ញវន្ត វិនិយោគិន និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ប្រកបដោយមនសិការស្នេហាជាតិយ៉ាង ជ្រាលជ្រៅ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្ដើមចេញពីជ័យជម្នះ ៧មករា។
សម្តេចតេជោបញ្ជាក់ថា បើគ្មានសន្តិភាពក៏មិនអាចមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះដែរ។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញ សន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាព បានដែរ។
សម្តេចតេជោ បានស្នើឱ្យពលរដ្ឋត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ។ ត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដើម្បីកសាងមាតុភូមិជាទីស្រឡាញ់នៃយើងឱ្យក្លាយជាប្រទេសមួយដ៏ជឿនលឿន ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដែលគ្មានការកើតមានជាថ្មីទៀតនូវការបែកបាក់ជាតិ សង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។
គូសរម្លឹកថា ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនជាង ៣លាននាក់ត្រូវសម្លាប់ដោយអយុត្តិធម៌ បានបំផ្លាញខឿនសេដ្ឋកិច្ច សង្គមឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ៕