អ៊ុយក្រែន៖ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃទី៥ ខែមករាម្សិលមិញនេះថា ខ្លួនមិនទាន់ច្បាស់នៅឡើយទេថាតើរុស្សីពិតជាបានប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងដើម្បីវាយប្រហារមកលើខ្លួនមែនឬយ៉ាងណា។ ការលើកឡើងរបស់អ៊ុយក្រែនយ៉ាងដូច្នេះបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលអាមេរិក មកលើរុស្សីថាបានប្រើប្រាស់គ្រឿងសព្វាវុធ (មីស៊ីល) ដែលផ្តល់ឱ្យដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
សេតវិមានបានដាក់ចេញនូវការអះអាងមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយថែមទាំងបានបញ្ជាក់ថា ទីក្រុងមូស្គូក៏កំពុងស្វែងរកការផ្គត់ផ្គង់នូវមីស៊ីលពីប្រទេសអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយពីមានការខូចខាត និងការប្រើប្រាស់សព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលនៃការអូសបន្លាយពេលជាង ២ឆ្នាំក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានហៅការផ្គត់ផ្គង់សព្វាវុធពីសំណាង់កូរ៉េខាងជើងឱ្យទៅរុស្សីនេះថាជាចំណុចពាក់ព័ន្ធសំខាន់ៗដែលគួរបង្កើនការយកចិត្តទុកដាក់ បន្ទាប់ពីអ៊ុយក្រែនមិនទាន់ស្វែងរកភស្តុតាងដោយឯករាជ្យ ដើម្បីគាំទ្រការអះអាងរបស់សហរដ្ឋអាមេរិកបាននៅឡើយទេ។
លោក Yuriy Ignat អ្នកនាំពាក្យកងទ័ពជើងអាកាសអ៊ុយក្រែនបានប្រាប់មកកាន់សារព័ត៌មានរដ្ឋថា រហូតមកទល់ពេលនេះយើងមិនទាន់មានព័ត៌មានណាមួយថា មីស៊ីល (កូរ៉េខាងជើង) នោះត្រូវបានប្រើប្រាស់ទេ។ លោកបានបន្ថែមថា "ដូច្នេះអ្នកជំនាញរបស់យើងនឹងសិក្សាពីបំណែកយន្តហោះ ហើយបន្ទាប់មកយើងនឹងអាចបញ្ជាក់បានថា តើការលើកឡើងរបស់អាមេរិកជាការពិតឬអត់? ប៉ុន្តែពេលនេះខ្ញុំមិនទាន់អាចបញ្ជាក់បាននៅឡើយទេ"។
នៅក្នុងសង្គ្រាមដ៏អូសបន្លាយនេះ ត្រូវបានរដ្ឋាភិបាលរុស្សីជឿជាក់ថានឹងបញ្ចប់ក្នុងពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការវាយប្រហារភ្លាមៗ ប៉ុន្តែអ្វីៗត្រូវបានដំណើរការលើសពីការរំពឹង ដែលនាំឱ្យទីក្រុងគីវ និងទីក្រុងមូស្គូបានជួបការលំបាកក្នុងការស្តុកទុកឡើងវិញនូវសព្វាវុធសំខាន់ៗដែលរួមមានគ្រាប់កាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរយៈចម្ងាយឆ្ងាយជាអាទិ៍។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានអះអាងថា កាំជ្រួចដែលផ្គត់ផ្គង់ដោយទីក្រុងព្យុងយ៉ាងដែលអាចបាញ់បានក្នុងចម្ងាយប្រហែលជា ៩០០គីឡូម៉ែត្រ ត្រូវបានប្រើប្រាស់ដោយរុស្សីក្នុងការវាយប្រហារពីរលើកចុងក្រោយលើអ៊ុយក្រែនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
លោក Kirby បន្ថែមថា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីលយ៉ាងហោចណាស់មួយគ្រាប់ ក្នុងចំណោមកាំជ្រួចដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងកាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅ ដែលមីស៊ីលនោះបានធ្លាក់ចុះនៅវាលលំហមួយក្នុងតំបន់ Zaporizhzhia។ តំបន់ Zaporizhzhia នេះគឺជាតំបន់មួយក្នុងចំណោមតំបន់ចំនួនបួនដែលវិមានក្រឹមឡាំងបានអះអាងថាបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធក្នុងឆ្នាំ២០២០ ប៉ុន្តែមកដល់បច្ចុប្បន្នរុស្សីនៅតែមិនអាចគ្រប់គ្រងតំបន់ទាំងនោះបានទាំងស្រុងនៅឡើយ៕