ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខាងមុខនេះ មានតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន ១១ ៧៤៧នាក់ ដែលឈរឈ្មោះក្នុងបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ លោក ហេង ស៊ីឡេង បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមាន ការិយាល័យបោះឆ្នោតចំនួន ៣៣ ការិយាល័យ និងមានអ្នកបោះឆ្នោត សរុបចំនួន ១១ ៧៤៧នាក់ ក្នុងនោះរួមមានតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥នាក់ (ស្ត្រី ១៧នាក់) និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមានចំនួន ១១ ៦២២នាក់ (ស្ត្រី ២ ៥៦៨នាក់)។
លោក ហេង ស៊ីឡេង បានបន្តទៀតថា បញ្ជីបោះឆ្នោតដំបូងនេះត្រូវបាន បិទផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ១ ច្បាប់ និងបិទផ្សាយនៅកន្លែងផ្សេងគ្នាក្នុងទីប្រជុំជនរាជធានី ខេត្ត ក្នុងកន្លែងនីមួយៗ ១ច្បាប់ ចំនួន ៣កន្លែង និងនៅលើគេហទំព័រ Voterlist.nec.gov.kh ផងដែរ។
លោក ហេង ស៊ីឡេង បន្ថែមទៀតថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង មានរយៈពេល ៥ថ្ងៃ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យដើម្បីកែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង ដោយត្រូវអនុវត្តនីតិវិធី និងដំណាក់កាលនៃបណ្ដឹង។
លោកបន្តថា ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជី បោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃរាជធានី ខេត្តផ្សេងរួចហើយ។ ចំពោះពាក្យបណ្តឹងជំទាស់អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង ជាជនដែលពុំមានសិទ្ធិបោះឆ្នោតដោយមិនមែនជាតំណាងរាស្ត្រក្នុងតំណែង ឬមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅក្នុងក្របខណ្ឌភូមិភាគនីមួយៗ និងករណី ដែលអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែងជាដើម។
លោក ហេង ស៊ីឡេង បានបញ្ជាក់ជូនថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់ ១២០២ ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង តាមឋានានុក្រមទៅ គធ.ខប គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ តាមដំណាក់កាល តាមនីតិវិធី និង ពេលវេលានៃការដាក់ និងការទទួលពាក្យបណ្តឹង។ ចំពោះការដោះស្រាយពាក្យបណ្ដឹងនឹងធ្វើទៅតាមនីតិវិធី ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
ពាក់ពន្ធ័នឹងឯកសារសម្រាប់បោះឆ្នោត គ.ជ.ប លោកបញ្ជាក់ថា តម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬលិខិតសម្គាល់ខ្លួនជាតំណាងរាស្ត្រក្នុងតំណែង ឬសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង។
គូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕