អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសម្អាតព្រៃនៅជុំវិញទីតាំងទួលប្រាសាទគោកបល្ល័ង្គ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីកិច្ចការងារអភិរក្ស។
បុគ្គលិកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក សោម កក្កដា បានឱ្យដឹងថា ដោយមានការណែនំាពីថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្រុមការងារលោកតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មក បានចុះមកទួលប្រាសាទគោកបល្ល័ង្គ។ បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ រាយការណ៍អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។
លោក សោម កក្កដា ថាបច្ចុប្បន្នក្រុមការងារមានសមាជិកជាង ២០នាក់ បានត្រួសឆ្ការព្រៃដុះពេញ សម្អាតនៅជុំវិញទីតាំងទួលបុរាណនៃប្រាសាទគោកបល្ល័ង្គ នឹងកំពុងកាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ។ កិច្ចការងារនេះ គ្រោងនឹងចំណាយពេលវេលា ៣០ថ្ងៃទើបរួចរាល់។
លោកបានបន្តថា នៅលើទីតាំងទួលនៃប្រាសាទនេះ ឃើញមាននៅសេសសល់ មេទ្វារ បល្ល័ង្គ និងចំរ៉ឹងបង្អួចខ្លះៗ ក្រុមការងារនៅមិនទាន់កំណត់អំពីសម័យកាលនៃការសាងសង់ប្រាសាទនៅឡើយ។ ប៉ុន្តែបន្ទាប់ពីការងារសម្អាតរួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។
ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក សោម កក្កដា បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅជុំវិញទីទួលបុរាណ ទាំងអស់ សូមចូលរួមថែរក្សា និងកុំចោលសំរាម កុំរំលោភបំពាននៅលើទីតាំងទាំងនោះ ចៀសវាងបាត់បង់កេរ្តិ៍ដំណែលដូនតាខ្មែរបានបន្សល់ទុក៕