ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មន្រ្តីនគរបាល ១០រូបបន្ថែមទៀត ត្រូវបានបណ្តេញចេញពីក្របខណ្ឌ បន្ទាប់ធ្វើតេស្តមានសារធាតុញៀន

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យថា មន្រ្តីនគរបាល១០រូបបន្ថែមទៀត ត្រូវបាន បណ្តេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោក ទូច សុខៈ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងចំណោម១០នាក់ ដែលមាន សារធាតុញៀននៅក្នុងខ្លួននោះ សុទ្ធសឹងជាមន្ត្រី ដែលឋានន្តរស័ក្តិខ្ពស់បំផុតត្រឹមអនុសេនីយ៍ឯក ពោលស័ក្ដិ៣ប៉ុណ្ណោះ រួមមាន នៅក្នុងនាយកដ្ឋានព្រំដែនទឹកម្នាក់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ២នាក់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ៣នាក់ នាយកដ្ឋានសន្តិសុខឯកជនម្នាក់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺម្នាក់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង២នាក់។

លោកបានឱ្យដឹងទៀតថា មន្រ្តីនគរបាល ដែលមានសារធាតុញៀនខាងលើ ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស សុខា បានបណ្ដេញចេញជាបន្ទាន់ កាលពីដើមសប្ដាហ៍ទី១ ក្នុងខែមករា ឆ្នាំ២០២៤ ដែលអនុវត្តនូវអនុសាសន៍ដ៏របស់សម្ដេចធិបតី ក្នុងករណីណាដែលកងកម្លាំងនគរបាលជាតិ ឬកងកម្លាំងប្រដាប់អាវុធរកឃើញថា មានសារធាតុ ញៀននៅក្នុងខ្លួន ឬពាក់ព័ន្ធនឹងសារធាតុញៀន គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌជាដាច់ខាត។

លោកគូសបញ្ជាក់ថា ចំនួនដែលរកឃើញនូវសារធាតុញៀនក្នុងចំណោមកងកម្លាំងនគរបាលជាតិ ធៀបនឹងចំនួនកងកម្លាំងសរុបទាំងអស់ គឺមានតិចតួចបំផុត ហើយកងកម្លាំងនគរបាលជាតិចំណុះឱ្យបណ្ដាអង្គភាពផ្សេងៗនៃក្រសួងមហាផ្ទៃ គឺនៅបន្តយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះជាដំណាក់កាលៗបន្តទៀត។

លោក ទូច សុឃៈ បានបញជាក់ប្រាប់ EAC News ឱ្យដឹងថា មន្រ្តីដែលមានសារធាតុញៀន និងត្រូវបណ្ដេញចេញពីក្របខណ្ឌ សរុបមកដល់ពេលនេះមានចំនួន ២១នាក់។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីរកឃើញពាក់ព័ន្ធនូវសារធាតុញៀន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក