ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅភាគកណ្តាលប្រទេសជប៉ុនបានកើនឡើងដល់ ៩២នាក់ គិតត្រឹមថ្ងៃសុក្រម្សិលមិញ ខណៈចំនួនអ្នកបាត់ខ្លួនបានកើនឡើងដល់ទៅ ២៤២នាក់។ ស្ត្រីវ័យចំណាស់ពីរនាក់ត្រូវបានទាញចេញពីគំនរបាក់បែក ប៉ុន្តែក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតផ្សេងទៀតកាន់តែថមថយចុះ ខណៈដែលក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់បានខិតខំទាំងថ្ងៃទាំងយប់ក្នុងការស្វែងរកមនុស្សដែលជាប់ក្នុងគំនរបាក់បែកនៃអគារដែលដួលរលំក្នុងហេតុការណ៍នាយប់ថ្ងៃឆ្លងឆ្នាំថ្មី ២០២៤។
ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុនកំពុងប្រយុទ្ធយ៉ាងសកម្មទៅនឹងការរញ្ជួយដី ផ្លូវថ្នល់ធ្វើដំណើរដែលខូចខាតខ្លាំង ហើយមានឧបសគ្គជាច្រើនដែលរារាំងការព្យាយាមជួយសង្គ្រោះជនរងគ្រោះក្នុងតំបន់ Ishikawa ដើម្បីជួយទៅដល់មនុស្សរាប់រយនាក់នៅក្នុងសហគមន៍ដែលកំពុងជាប់គាំង។ គួរឱ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ពោលគឺ ៧២ម៉ោងបន្ទាប់ពីហេតុការណ៍រញ្ជួយដី ស្ត្រីចំណាស់ពីរនាក់ត្រូវបានរកឃើញដោយអព្ភូតហេតុ ស្ទើរមិនគួរឱ្យជឿថានៅរស់រានមានជីវិតនៅឡើយ ក្នុងតំបន់ទីក្រុងកំពង់ផែ Wajima នៅលើឧបទ្វីប Noto គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងបំផុត ចាប់តាំងពីថ្ងៃដំបូងនៃឧបទ្ទវហេតុនេះកើតឡើង។
អាជ្ញាធរក្នុងតំបន់បញ្ជាក់ថា ការរញ្ជួយដ៏ខ្លាំង អមដោយការរញ្ជួយដីបន្តគ្នារាប់រយលើកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៣០នាក់រងរបួស។ ក្នុងនោះផងដែរ មានប្រជាជនប្រមាណ ៣០,០០០គ្រួសារកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ក្នុងតំបន់ Ishikawa ហើយផ្ទះចំនួនជាង ៨៩,៨០០ខ្នង មិនមានទឹកស្អាតប្រើប្រាស់។ បច្ចុប្បន្ននេះ មានមនុស្សរាប់រយនាក់ផ្សេងទៀតកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នដែលផ្តល់ឱ្យដោយរដ្ឋាភិបាល។
ប្រទេសជប៉ុនជួបប្រទះការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំ ហើយភាគច្រើនមិនបណ្តាលឱ្យមានការខូចខាតនោះទេ ដោយផ្អែកលើបទដ្ឋាននៃសំណង់យ៉ាងតឹងរ៉ឹងដែលអនុវត្តបានរាប់ទស្សវត្សមកហើយ។ នៅដើមឆ្នាំនេះ ការរញ្ជួយដីបានវាយប្រហារតំបន់ Noto ជាមួយនឹងកម្លាំង និងកម្រិតរញ្ជួយដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ មហន្តរាយធំបំផុតមួយដែលកើតមាននោះគឺហេតុការណ៍រញ្ជួយដីកម្រិតក្រោមបាតសមុទ្រកម្រិត ៩.០រិចទ័រក្នុងឆ្នាំ ២០១១ ដែលបានបង្កឲ្យកើតមានឡើងនូវរលកយក្សស៊ូណាមិ ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១៨,៥០០នាក់ស្លាប់ និងបាត់ខ្លួន។ ហេតុការណ៍នេះក៏បានបំផ្លាញរោងចក្របរមាណូ Fukushima ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក៕