សម្តេចធិបតី ចូលរួមមរណទុក្ខចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបាត់បង់សមាជិកគ្រួសារដោយសារគ្រោះរញ្ជួយដី
ជប៉ុន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារទៅនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ចូលរួមរំលែកទុក្ខដល់ប្រជាជនជប៉ុនដែលបានបាត់បង់សមាជិកគ្រួសារ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយសារការរញ្ជួយដីកាលឡើងកាលពីថ្ងៃឆ្លងឆ្នាំសកល។
ក្នុងសារចូលរួមរំលែកទុក្ខដែលផ្ញើឱ្យលោក Kishida Fumio នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីបានថ្លែងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលបានដឹងពីជនរងគ្រោះ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារខេត្ត Ishikawa នៅថ្ងៃឆ្លងសកលឆ្នាំថ្មី»។
សម្តេចនាយករដ្ឋមន្ត្រី បានជូនពរឱ្យអ្នកដែលរងរបួសដោយសារការរញ្ជួយដីបង្កជារលកស៊ូណាមិ ឆាប់បានជាសះស្បើយ។
សម្តេចធិបតី ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន រួមជាមួយនឹងក្រុមជួយសង្គ្រោះជប៉ុនដ៏ឧស្សាហ៍ព្យាយាម និងអាជ្ញាធរមូលដ្ឋាន ប្រទេសជប៉ុននឹងអាចយកឈ្នះលើគ្រោះមហន្តរាយនេះបានយ៉ាងឆាប់រហ័ស។
គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន មនុស្សយ៉ាងហោចណាស់ជិត ៩០នាក់បានស្លាប់ រងរបួសរាប់សិបនាក់ទៀត ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានរងការខូចខាតធ្ងន់ធ្ងរ ខណៈប្រតិបត្តិការរុករកមនុស្សដែលបាត់ខ្លួននៅតែបន្ត៕