តួកគី៖ នៅថ្ងៃទី០៣ ខែមករានេះ រដ្ឋាភិបាលតួកគីបានដំណើរការរឿងក្តីដ៏ធំជាលើកដំបូង ទាក់ទងទៅនឹងការសាងសង់អគារដែលបានដួលរលំនៅក្នុងការរញ្ជួយដីដ៏ធំមួយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សជាង ៥០,០០០នាក់បាត់បង់ជីវិត។ សវនាការនៅឯទីក្រុង Adiyaman ពាក់ព័ន្ធនឹងជនជាប់ចោទ ១១នាក់ដែលត្រូវបានចោទប្រកាន់ពីបទ "ធ្វេសប្រហែសដោយចេតនា" ខណៈពេលដែលត្រួតពិនិត្យការសាងសង់សណ្ឋាគារ Isias ។
ក្នុងនោះ ជនជាប់ចោទ ៥នាក់ក្នុងចំណោម ១១នាក់ ដែលរួមទាំងម្ចាស់សណ្ឋាគារផងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឧក្រិដ្ឋ ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារលើសពី ២០ឆ្នាំ។ ការដួលរលំសណ្ឋាគារខាងលើបានសម្លាប់មនុស្ស ២៤នាក់មកពីរដ្ឋស៊ីបខាងជើង (Northern Cyprus) ដែលបានហោះមកកាន់ប្រទេសតួកគីដើម្បីចូលរួមការប្រកួតបាល់ទះកម្រិតសិស្សសាលាមួយ។ មរណភាពរបស់ក្រុមកុមារទាំងនេះ ត្រូវបានរដ្ឋអាជ្ញាអះអាងថាសោកនាដកម្មខាងលើអាចបញ្ចៀសបាន ប្រសិនបើមានការសាងសង់ និងគ្រប់គ្រងសណ្ឋាគារនេះដោយស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។
គួរឱ្យដឹងថា អគារសណ្ឋាគារដែលបានដួលរលំបានឆក់យកជីវិតមនុស្ស ៧២នាក់ ក្នុងនោះមាន ៣៩នាក់ជាភ្ញៀវមកពីរដ្ឋស៊ីបខាងជើង។ គួរបញ្ជាក់ថា នេះគឺជាសោកនាដកម្មដ៏ធំបំផុតមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃរដ្ឋស៊ីបខាងជើង ជាទឹកដីដែលព្យាយាមបំបែកខ្លួនចេញពីប្រទេសស៊ីប (Cyprus) ហើយត្រូវបានទទួលស្គាល់ដោយប្រទេសតួកគីតែមួយគត់។
ការចោទប្រកាន់ដោយរដ្ឋអាជ្ញាបានបញ្ជាក់ថា អគារនេះត្រូវបានបំប្លែងដោយខុសច្បាប់ពីលំនៅឋានទៅជាសណ្ឋាគារក្នុងឆ្នាំ ២០០១។ បន្ថែមពីលើនេះ សណ្ឋាគារនេះបានសាងសង់ជាន់បន្ថែមដោយខុសច្បាប់ទៅប្រាំបួនជាន់ដែលលើសពីការត្រូវបានអនុញ្ញាតដោយផែនការដើម។ នាយករដ្ឋមន្រ្តីនៃរដ្ឋស៊ីបខាងជើង លោក Unal Ustel ក៏ជាដើមបណ្ដឹងនៅក្នុងរឿងនេះផងដែរ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានរិះគន់ចំៗទៅលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យពុករលួយ ដែលបានបង់លុយសំណូកឱ្យទៅមន្រ្តីជំនាញក្នុងតំបន់ ដើម្បីទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សម្ភារសំណង់ថោកៗ និងដំឡើងជាន់បន្ថែមបានដោយខុសច្បាប់៕