ក្រសួងមហាផ្ទៃ គ្រោងធ្វើវិសោធនកម្មច្បាប់«ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ»ដោយបន្ថែមទោសឱ្យធ្ងន់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃគ្រោងធ្វើវិសោធនកម្មច្បាប់ស្តីពី«ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ» ដោយបន្ថែមទោសឱ្យធ្ងន់ជាងច្បាប់ចាស់។
រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ខេត្តតាកែវ លោក ប៊ុន ហុន បានថ្លែងឱ្យដឹងបែបនេះនៅក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងនេះក្នុងគោលបំណងដើម្បីធានាឱ្យការគ្រប់គ្រងរឹតបន្តឹងការលេងល្បែង និងធានាអនុវត្តច្បាប់នេះឱ្យមានភាពត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពជូនសង្គមជាតិទាំងមូល។
លោករដ្ឋលេខាធិការអះអាងថា ច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលគ្រោងធ្វើវិសោធនកម្មថ្មីនេះ នឹងបន្ថែមទោសឱ្យធ្ងន់ជាងច្បាប់ចាស់ ដើម្បីឈានដល់ការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទចេញពីមូលដ្ឋាន៕