ភ្នំពេញ៖ រដ្ឋសភាបានទទួលបណ្ដឹងចំនួន ១០៦ករណីពីពលរដ្ឋបន្ទាប់ពីចាប់ផ្ដើមការងាររបស់ខ្លួនតាំងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣មក។ អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានបញ្ជាក់ថាភាគច្រើននៃបណ្ដឹងគឺទាក់ទងនឹងទំនាស់ដីធ្លី។
ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានបានឱ្យដឹងថាក្នុងចំណោមបណ្ដឹងដែលទទួលបាន ១០៦បណ្ដឹងនោះមាន ៤៤រឿងត្រូវបានបញ្ជូនទៅក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយ និងកំពុងពិនិត្យសិក្សា ៦១បណ្ដឹង។ ក្នុងសេចក្ដីជូនដំណឹងនោះក៏បានបញ្ជាក់ដែរថាក្នុងចំណោមបណ្ដឹងដែលបានបញ្ជូនទៅមាន ១៤បណ្ដឹងត្រូវបានក្រសួងស្ថាប័នមានសមត្ថកិច្ចឆ្លើយតបបានដោះស្រាយ។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤នេះ អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានឱ្យដឹងថាភាគច្រើននៃបណ្ដឹងទាំងនោះមាន ៨០% ជាជម្លោះដីធ្លី។ លោកបន្ថែមថាករណីនេះគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានទទួលខុសត្រូវ និងបំពេញការងាររបស់ខ្លួនយ៉ាងល្អ។
លោកថា៖ «គណៈកម្មការទី១ គាត់ហ្នឹងពិនិត្យមើលថាតើចម្លើយនេះសមស្របឬមិនសមស្របទើបបញ្ជូនទៅសាម៉ីខ្លួន ហើយបើគាត់មិនព្រមឬអីគាត់អាចមកប្ដឹងម្ដងទៀតក៏បានដែរ»។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថារដ្ឋសភានីតិកាលទី៧ នឹងធ្វើយ៉ាងណាចូលរួមជួយដល់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជួយឱ្យកម្ពុជាឈានដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។
គួរឱ្យដឹងដែរថាបន្ទាប់ពីចាប់ផ្ដើមការងារអាណត្តិទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ មករដ្ឋសភាបានសម្រេចការងារចំនួន១៦ ក្នុងនោះមានការអនុម័តច្បាប់ចំនួន៦ ក្នុងនោះមានច្បាប់សំខាន់ៗចំនួន២ដែលត្រូវបានអនុម័តគឺច្បាប់ថវិការជាតិឆ្នាំ២០២៤ និងច្បាប់សម្រាប់ការទូទាត់ថវិការជាតិឆ្នាំ២០២៣។ សភាអាណត្តិថ្មីក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ប្រធាន អនុប្រធាំន និងសមាជិកគ.ជ.ប អាណត្តិថ្មី ខណៈប្រធានរដ្ឋសភាចាប់ផ្ដើមមានជំនួបជាមួយភ្ញៀវជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចសំខាន់ៗរបស់សម្ដេចប្រធានរដ្ឋសភាមានចំនួន២ គឺការធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម និងឡាវ និងការចូលរួមកិច្ចប្រជុំកំពូលសភាប្រទេស CLV នៅសាធារណរដ្ឋប្រជាមានិតឡាវកាលពីចុងឆ្នាំមុន។
បន្ទាប់ពីបិទសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅថ្ងៃទីអាទិត្យទី៣១ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋសភានឹងសម្រាកវិស្សមកាលចំនួន៣ខែ ដោយក្នុងអំឡុងពេលនេះសមាជិកសភាទាំងអស់នឹងមានកិច្ចការចុះមូលដ្ឋានសាកសួរសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដើម្បីធ្វើជារបាយការណ៍ មុនសភាចាប់ផ្ដើមសម័យប្រជុំជាបន្ត៕