លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

រកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម ខណៈក្រសួងសុខាភិបាលអំពាវនាវឱ្យអនុវត្តនូវវិធានការបង្ការទប់ស្កាត់ការឆ្លង

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម និង អំពាវនាវក្រើនរំលឹកដល់សាធារណជនយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីបង្ការនូវការចម្លង ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណី ជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន ៣ករណី។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺត្រូវបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏អំពាវនាវក្រើនរំលឹកឱ្យប្រជាពលរដ្ឋទាំងអស់ ជាថ្មីម្តងទៀតដោយត្រូវ យកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ នូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង ដោយវីរុសអុតស្វានេះ ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺ អុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាម ផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារៈ ស្លាបព្រាបាន កែវទឹក ព្រមទាំងអាចឆ្លងពីម្ដាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអុតស្វា។

ក្រសួងសុខាភិបាល ក៏បានណែនាំពី វិធានការបង្ការការចម្លងជំងឺអុតស្វា ដូចជា អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង មានដៃគូរួមភេទច្រើន។ ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា និងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ បាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។ ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា និងត្រូវអនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែលលាងដៃ ឬអាល់កុលលាងដៃ។

ក្រសួងបានបញ្ជាក់ថា ចំពោះបុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។ ដោយឡែក បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការ ការពារខ្លួនឱ្យបានត្រឹមត្រូវ។

ចំពោះ បុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ក្រសួងសុខាភិបាលណែនាំឱ្យ ត្រូវទៅពិគ្រោះ យោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

គួរឱ្យដឹងដែរថា ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសរកឃើញករណីបុរសម្នាក់កើតជំងឺអុតស្វា ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនតេស្តឃើញមានវិជ្ជមានជំងឺអុតស្វា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសនេះចាប់ផ្ដើមមានរោគសញ្ញានៅត្រង់ប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយបានស្វែងរកការពិគ្រោះ ជំងឺនៅមន្ទីរពេទ្យ និងបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក