ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ ថាកម្ពុជានៅពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករ ពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។ ក្រសួងអំពាវនាវពលរដ្ឋកុំជឿលើការផ្សព្វផ្សាយអំពីការជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល ព្រោះនេះជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
ក្រសួងការងារបានអះអាងថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជ្រើសរើស និងការបញ្ជូនពលករ។ ករណីមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនាពេលខាងមុខ ក្រសួងនឹងជូនដំណឹងជាសាធារណៈ។
ក្រសួងណែនាំក្នុងករណីបានឃើញ មានមេខ្យល់ផ្សព្វផ្សាយពីការជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែល ក្នុងរូបភាពណាក៏ដោយ ត្រូវជូនដំណឹង ឬរាយការណ៍មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈ Hotline: ១២៩៧ ជាបន្ទាន់ ដើម្បីអាចឱ្យក្រសួងពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា ការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស៕