ភ្នំពេញ៖ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៦៨ ក្នុងនោះគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ដែលគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋ-កិច្ចពិសេស។ គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣០ម៉ឺន ៧ពាន់កន្លែង។
បើតាមសេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គម្រោងវិនិយោគ២៦៨ ក្នុងនោះភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មដែលមានប្រមាណ ៩២,៥៤ភាគរយ។ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ២,៦១ភាគរយ វិស័យកសិកម្ម និងកសិឧស្សាហកម្ម ៣,៣៦ភាគរយ និងវិស័យទេសចរណ៍ ១,៤៩ភាគរយ។
CDC បញ្ជាក់ថា រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២ភាគរយ ធៀបនឹងឆ្នាំ២០២២។
CDC បន្តថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០ភាគរយនៃទុនវិនិយោគសរុប។ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួន ទៀតបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕