
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវកុំឱ្យចាញ់បោកជនបោកប្រាស់ ដែលកំពុងជ្រើសរើសពលករខុសច្បាប់ទៅធ្វើការនៅអ៊ីស្រាអែល
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹងថា មានជនបោកប្រាស់ កំពុងប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយជ្រើសរើសពលករទៅធ្វើការរ នៅអ៊ីស្រាអែលដោយខុសច្បាប់ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយ។
លោក ហេង សួរ បានឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះថា៖ «មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ ISRAEL WORK 2024 ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅប្រទេសអ៊ីស្រអែល ដោយខុសច្បាប់»។
រដ្ឋមន្ត្រីការងារ បានបញ្ចាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ពោលគឺកំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។
លោក ហេង សួរ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ដែលអាចនឹងចាញ់បោកបុគ្គល MEAN Sodara ឬខ្លឹមសារដែលបានផ្សព្វផ្សាយនៅតេលេក្រាមឆាណែល ISRAEL WORK 2024 ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សដើម្បីចាត់វិធានការដល់បុគ្គលពាក់ព័ន្ធ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងនឹងធ្វើការជូនដំណឹងជាសាធារណៈ នៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការគ្រប់គ្រង ការពារ និងគាំពារពលករនៅប្រទេសអ៊ីស្រអែលជាផ្លូវការ៕