រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួប រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងបានគូសបញ្ជាក់ថា កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។
បើតាម រដ្ឋមន្ត្រីកសិកម្ម រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការវិនិយោគស្របតាមគោលនយោបាយជាតិ ទទួលបានការគាំទ្រ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។
លោក ឌិត ទីណា បានបញ្ជាក់បន្ថែមអំពីយន្តការគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលផ្ដោតលើការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ៕