លីបង់៖ ប្រភពសន្តិសុខលីបង់ និងប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានសម្លាប់មេដឹកនាំរងនៃក្រុមប្រយុទ្ធហាម៉ាស Saleh al-Arouri ក្នុងហេតុការណ៍វាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយនៅរដ្ឋធានី បេរ៊ុត (Beirut) ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០២ ខែមករាម្សិលមិញនេះ។ លោក Arouri វ័យ ៥៧ឆ្នាំ គឺជាមេដឹកនាំជាន់ខ្ពស់ផ្នែកនយោបាយរបស់ក្រុមហាម៉ាសដំបូងគេដែលត្រូវបានធ្វើឃាត ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុកតាមអាកាស និងការវាយលុកលើដីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធម៉ូស្លីមនេះ ដែលជាការតបស្នងនឹងការវាយប្រហារលើប្រទេសអ៉ីស្រាអែលកាលពីខែតុលាកន្លងទៅ។
ការស្លាប់របស់មេដឹកនាំរូបនេះនឹងបង្កើនភាពតានតឹង និងហានិភ័យបន្ថែមលើវិបត្តិសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសដែលកំពុងរីករាលដាលហួសចេញពីតំបន់ហ្គាហ្សា។ ក្រុមប្រដាប់អាវុធហេសបូឡាហ៍ (Hezbollah) ដ៏ខ្លាំងក្លារបស់ប្រទេសលីបង់ ដែលជាសម្ព័ន្ធមិត្តរបស់ហាម៉ាស បាននិងកំពុងផ្លាស់ប្តូរការបាញ់ប្រហារស្ទើរតែរាល់ថ្ងៃជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើម។
វិទ្យុ និងទូរទស្សន៍ Hamas និងទូរទស្សន៍ Mayadeen របស់ប្រទេសលីបង់បានបញ្ជាក់ប្រាប់នូវព័ត៌៌មានដែលទទួលបានពីប្រភពក្រុមសន្តិសុខជាតិថា លោក Arouri សមាជិកនៃការិយាល័យនយោបាយរបស់ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅបរទេស និងជាសហស្ថាបនិកនៃកងកម្លាំងយោធាក្រុម Hamas ត្រូវបានសម្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារការិយាល័យរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងរដ្ឋធានីបេរ៊ុត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បាននិយាយថា សរុបមក ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះបានសម្លាប់មនុស្ស ៦នាក់នៅជាយក្រុង Daliyeh ភាគខាងត្បូងនៃរដ្ឋធានីបេរ៊ុត។ ប្រភពដដែលបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅកិច្ចប្រជុំមួយ ហើយទូរទស្សន៍ Al Aqsa របស់ហាម៉ាសបាននិយាយថា មេបញ្ជាការនៃក្រុមប្រដាប់អាវុធក្នុងប្រទេសលីបង់គឺ លោក Samir Findi Abu Amer និង លោក Azzam Al-Aqraa Abu Ammar ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដោយការវាយប្រហារនេះផងដែរ។
សារព័ត៌មាននានាបានងាកសំណួរទៅកាន់ភាគីអ៊ីស្រាអែល ជុំវិញការស្លាប់នៃមេដឹកនាំក្រុមហាម៉ាសខាងលើ ប៉ុន្តែលោក Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់សន្និសីទសារព័ត៌មានថា៖ "យើងផ្តោតលើការសម្លាប់ក្រុម Hamas" ហើយលោកបដិសេធមិននិយាយអ្វីលម្អិតបន្ថែមលើសពីនេះឡើយ។ ដោយឡែក លោក Mark Regev ទីប្រឹក្សានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC ថា៖ "អ៊ីស្រាអែលមិនទទួលខុសត្រូវចំពោះការវាយប្រហារ (នៅរដ្ឋធានីបេរ៊ុត) នេះទេ"៕