ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ភ្ញៀវទេសចរជាង ២ម៉ឺននាក់ បានមកទស្សនាកម្សាន្តខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៤

មណ្ឌលគិរី៖ ភ្ញៀវទេសចរជាង២ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តមណ្ឌលគិរី នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ចូលមកកម្សាន្តលំហែកាយ ខណៈដែលអាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានរៀបចំកម្មវិធីសប្បាយរីករាយជាច្រើន ក៏ដូចជាការប្រគំតន្រ្តី នៅសួនច្បារសែនមនោរម្យ ដែលស្ថិតក្នុងក្រុងសែនមនោរម្យ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងថា នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២៤ ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តខេត្តមណ្ឌលគិរី សរុបប្រមាណ២០ ៨៤៩ នាក់ កើនឡើងចំនួន២១,៧៨ភាគរយ។ ក្នុងនោះភ្ញៀវទេសចរជាតិប្រមាណ ២០ ៧០៤នាក់ មានការកើនឡើងចំនួន២១,៧៣ភាគរយ ចំណែកភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៤៥នាក់ កើនឡើងចំនួន ២៩,៤៦ភាគរយ ។

លោក ស៊ាង សឿន បានបញ្ជាក់ថា ចំពោះរមណីយដ្ឋានទេសចរណ៍នៅទូទាំងខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តគ្រប់កន្លែង ក្នុងនោះ មានសមុទ្រឈើ ភ្នំដោះក្រមុំ ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀ ទឹកអូរផ្លាយ ភ្នំអណ្ដូងស្នេហ៍ និងកន្លែងរមណីយដ្ឋានជាច្រើនកន្លែងទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរផងដែរ។

លោកបន្តថា នាឱកាសបុណ្យឆ្លងឆ្នាំ២០២៤នេះ នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដោយសារអាជ្ញាធរខេត្ត បានរៀបចំកម្លាំងយាមល្បាតតាមគោលដៅសំខាន់ៗ នៅតាមរមណីយដ្ឋាន និងកន្លែងកម្សាន្តនានានៅទូទាំងខេត្តមណ្ឌលគិរី។ ទន្ទឹមនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ក៏បានរៀបចំតុបតែងភ្លើងលម្អតាមទីសាធារណៈ ក៏ដូចជាការប្រគំតន្រ្តីកម្សាន្ត និងមានការបាញ់កាំជ្រួច ដើម្បីញាំងឱ្យកម្មវិធីមានភាពសប្បាយផងដែរ។

ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តមណ្ឌលគិរី ក៏បានលើកឡើងអំពីអារម្មណ៍សប្បាយរីករាយ និងប្លែកភ្នែក ក្រោយពេលបានមកដល់ទឹកដីខេត្តមណ្ឌលគិរីនេះ ព្រោះតែមណ្ឌលគិរីមានអាកាសធាតុត្រជាក់ ព្រៃភ្នំ ជ្រោះជ្រលងដងអូរជាច្រើនកន្លែង ដែលខុសប្លែកពីតំបន់ផ្សេងៗទៀត។

អាជ្ញាធរខេត្តមណ្ឌលគីរី បានសំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរី ឱ្យជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ ក្នុងខេត្តបន្ថែមទៀត និងចូលរួមសម្អាតអនាម័យបរិស្ថានទាំងអស់គ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក