ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។
ក្នុងលិខិតអញ្ជើញនោះ លោក ម៉ាក្រុង ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅប្រទេសបារាំងជាលើកទី១ តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងបន្តជំរុញវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។
លោកប្រធានាធិបតីបារាំង បានថ្លែងថា៖ «ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់»។
សូមរំលឹកថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះមហាក្សត្រកម្ពុជា បានយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្នីសីទអន្តររដ្ឋាភិបាលលើកទី១៤ ស្តីអំពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ ជាមួយនឹងការរំឭកឡើងវិញនូវថាមពល នៃមិត្តភាពរវាងប្រទេសទាំងពីរ និងរវាងប្រជាជនទាំងពីរ៕