ជប៉ុន៖ ពលករ និស្សិត និងពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជប៉ុនជម្លៀសទៅទីកន្លែងដែលមានសុវត្ថិភាពហើយ ក្រោយមានហេតុការណ៍រញ្ជួយដី ក្នុងកម្រិត ៧.៤ រិចទ័រ ដែលបង្កជារលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa ប្រទេសជប៉ុនដែលមានកម្ពស់ទឹកឡើងដល់ ៥ម៉ែត្រ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និងសហគមខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមនិយោជកជប៉ុន ឬទីភ្នាក់ងារជ្រើសរើសពលករកម្ពុជានៅឡើយទេ។
តែយ៉ាងណាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព របស់ពលរដ្ឋខ្មែរនៅក្នុងតំបន់កើតហេតុ។
ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនបានអំពាវនាវពលរដ្ឋខ្មែរនៅប្រទេសជប៉ុនដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀស ឬប្រសិនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374។
តាមសារព័ត៌មាន NHK World Japan អគ្គីភ័យបានឆាបឆេះនៅក្នុងទីក្រុង Wajima ខេត្តIshikawa ភ្លាមៗបន្ទាប់ពីការរញ្ជួយដី ដែលត្រូវបានគេរាយការណ៍ថាបានបំផ្លាញហាង ផ្ទះជាង១០០ និងមានអគារមួយចំនួនបានដួលរលំ។
មន្ត្រីនៅទីក្រុង Wajima បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់រួមទាំងបុរសម្នាក់ដែលត្រូវបានកប់នៅក្រោមអគារដែលដួលរលំ ហើយមនុស្សរាប់សិបនាក់រងរបួសក្នុងខេត្តចំនួនបួនផ្សេងទៀត រួមមាន Niigata និង Toyama៕