កូរ៉េខាងត្បូង៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក លី ចេម្យុង ត្រូវបានគេលួចចាក់-កនៅថ្ងៃទី០២ ខែមករានេះ ខណៈពេលលោកកំពុងផ្តល់កិច្ចសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌៌មាននៅទីក្រុងកំពង់ផែ ប៊ូសាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Yonhap។ ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់តំបន់មួយដែលជាគម្រោងទីតាំងអាកាសយានដ្ឋានថ្មី ហើយជនសង្ស័យត្រូវបានគេរាយការណ៍ថាជាបុរសដែលមានវ័យប្រហែល ៥០ ឬ ៦០ឆ្នាំ ដែលបានព្យាយាមចូលទៅជិតលោកដោយបន្លំធ្វើជាអ្នកសុំហត្ថលេខា។
សេចក្តីរាយការណ៍បានបន្តថា ភ្លាមៗនោះជនសង្ស័យខាងលើបានសម្រុកទៅមុខ និងវាយប្រហារលើជនរងគ្រោះតែម្តង ខណៈជនសង្ស័យខាងលើត្រូវបានបង្ក្រាប និងឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ វីដេអូឃ្លីបមួយនៅលើបណ្ដាញផ្សព្វផ្សាយបានបង្ហាញថា ក្រោយការវាយប្រហារដោយកាំបិត ភ្លាមៗនោះលោក លី បានដួលសន្លប់នៅលើដីតែម្តង។
បើតាមប្រភពពីសារព័ត៌មាន Yonhap បានចុះផ្សាយថា ក្រោយកើតហេតុ លោក លី ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ុកយុល បានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" ចំពោះលោក លី ក្រោយពីបានទទួលដំណឹងអំពីការវាយប្រហារនេះ។ អ្នកនាំពាក្យប្រធានាធិបតីបានបញ្ជាក់ថា លោកប្រធានាធិបតីបានសង្កត់ធ្ងន់ចំៗថាសង្គមរបស់កូរ៉េមិនទទួលយកបានឡើយចំពោះរូបភាពនៃអំពើហិង្សាបែបនេះ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
គួរបញ្ជាក់ថា ទោះបីជាមានការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការកាន់កាប់ និងប្រើប្រាស់កាំភ្លើងក៏ដោយ ក៏កូរ៉េខាងត្បូងមានប្រវត្តិនៃអំពើហិង្សាផ្នែកនយោបាយពាក់ព័ន្ធនឹងអាវុធប្រភេទផ្សេងទៀត។ កន្លងមក កាលពីឆ្នាំ២០០៦ មេដឹកនាំគណបក្សប្រឆាំងអភិរក្សនិយម និងជាអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គីនហេ ត្រូវបានវាយប្រហារនៅក្នុងហេតុការណ៍មួយដោយកាំបិត និងរងរបួសខ្លាំងលើផ្ទៃមុខដែលតម្រូវឱ្យមានការវះកាត់ផងដែរ៕