ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកនាំពាក្យក្រសួងការងារ៖ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន ១,៥លាននាក់នឹងចាប់ផ្តើមវគ្គសិក្សានៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខ

ចំពោះទិសដៅនៃការចាប់ផ្តើមសិក្សា បើមិនមានអ្វីប្រែប្រួលទេនោះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ គឺនឹងចាប់ផ្តើមវគ្គសិក្សាទៅការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលដែលឯកឧត្តមចូលរួមផ្តល់ជាកិច្ចសម្ភាសន៍ក្នុងកម្មវិធី Grow Under Peace របស់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ មានសិស្សជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បានទៅចុះឈ្មោះចូលរៀនមានចំនួន ១៧,២៦៧នាក់ ដែលក្នុងនោះមានសិស្សជាស្រ្តីចំនួន ៥,៩៣៨នាក់។ ក្នុងចំណោមអ្នកចុះឈ្មោះចំនួនជិត ២ម៉ឺននាក់នេះសិស្សបានជ្រើសរើសយកជំនាញផ្សេងៗដូចជា៖

១, វិស័យសំណង់មានចំនួនជាង ២៥០០នាក់

២, វិស័យអគ្គិសនី និងថាមពលមានចំនួនជាង ៥០០នាក់

៣, វិស័យអេឡិចត្រូនិចមានចំនួនជាង ៤០០នាក់

៤, វិស័យកម្មន្តសាលមានចំនួនជាង ១០០នាក់

៥, មេកានិចទូទៅ និងមេកានិចរថយន្តមានចំនួនជាង ២៥០០នាក់

៦, វិស័យធុរកិច្ច និងព័ត៌មានវិទ្យាមានចំនួនជាង ៥៦០០នាក់

៧, វិស័យសេវាកម្មមានចំនួនជាង ៩៩៤នាក់

៨, វិស័យបរិក្ខារត្រជាក់ និងកម្តៅមានចំនួន ២៥០០នាក់

៩, វិស័យទេសចរណ៍មានចំនួនជាង ១០០០នាក់

១០, វិស័យកសិ-ឧស្សាហកម្មមានចំនួនជាង ៨០០នាក់

ឯកឧត្តមបញ្ជាក់ថា៖ "គោលដៅនៃការបង្កើតនូវកម្មវិធីនេះឡើងគឺចង់ឱ្យយុវជនកម្ពុជាមានជំនាញមួយច្បាស់លាស់ក្នុងជីវិត។ កាលណាមានជំនាញមួយច្បាស់លាស់ក្នុងជីវិតគឺថាគាត់អាចមានការងារធ្វើ មានចំណូលក្នុងការទ្រទ្រង់គ្រួសារ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។"

ក្នុងពេលនោះ ឯកឧត្តមបានបន្តថាមកដល់ពេលនេះអ្វីៗគ្រប់យ៉ាងគឺក្រសួងការងារ និងបណ្តុះបណ្តាលបានរៀបចំរួចរាល់អស់ ដើម្បីធ្វើឱ្យការបណ្តុះបណ្តាលជំនាញមានគុណភាពស្របទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែតគឺ "រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារធ្វើ"។

គួររំលឹកផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនេះគឺបានដាក់ឱ្យអនុវត្តជាផ្លូវកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក