ប៉ាឡេស្ទីន៖ ក្រុមអ្នកជួយសង្រ្គោះក្នុងឯកសណ្ឋានអាវកាក់ពណ៌ទឹកក្រូចបានសម្តែងក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រោយបានចូលទៅរុករកក្នុងគំនរបាក់បែកដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah នៃតំបន់ហ្គាហ្សាស្ទ្រីប និងប្រទះឃើញទារិកាតូចម្នាក់នៅមានជីវិតនៅឡើយ។
ទារិកាដែលត្រូវបានគេរកឃើញមានឈ្មោះថា Mariam Abu Akel ស្ថិតក្នុងសភាពប្រឡាក់ពេញដោយធូលីដី និងព្យាយាមស្រែកខ្សាវៗ ចំពេលដែលក្រុមអ្នកជួយសង្គ្រោះបានចូលទៅជ្រៅក្នុងគំនរបាក់បែក និងបានទាញជើងទារិកាខាងលើពីគំនរដែលបានគៀបនាងជាប់ក្នុងនោះ។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាជុំវិញផ្ទះរបស់គ្រួសារ Abu Edwan ដែលជាកន្លែងគ្រួសាររបស់ទារិកា Mariam បានជ្រកកោននៅទីនោះផងដែរ បន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួននៅក្នុងតំបន់គ្រោះថ្នាក់ជាងនៅជិតព្រំដែន Gaza ជាមួយអ៊ីស្រាអែល។
យោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន លោក Ashraf al-Qidra បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ២០នាក់ និងរងរបួសចំនួន ៥៥នាក់។ គួរឱ្យដឹងថា គេហដ្ឋាននៃគ្រួសារ Abu Edwan គឺជាកន្លែងជ្រកកោនដល់ជនភៀសខ្លួនជាច្រើនដូចជាគ្រួសារ រួមទាំងគ្រួសាររបស់ទារិកា Mariam Abu Akel ផងដែរ។
ប្រជាជននៅតំបន់ហ្គាហ្សាភាគច្រើនត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក និងការវាយប្រហារពីសំណាក់កងទ័ពអ៊ីស្រាអែលដែលនិយាយថា នោះគឺជាការវាយប្រហារលើក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង ១,២០០នាក់ដែលភាគច្រើនជាជនស៊ីវិលក្នុងអំឡុងពេលការវាយប្រហារដែលកើតឡើងថ្ងៃទី៧ ខែតុលា។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២១,៥០០នាក់ហើយ នេះបើយោងតាមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ ដែលក្នុងចំណោមអ្នកស្លាប់ភាគច្រើនជាកុមារដែលមានអាយុក្រោម ១៨ឆ្នាំ។
គួរឱ្យដឹងថា បងស្រី និងម្តាយរបស់ទារិកា Mariam បានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ ជាមួយនឹងសមាជិកគ្រួសារជាច្រើនទៀតដែលរស់នៅក្នុងលំនៅឋានរបស់គ្រួសារ Abu Edwan នេះ។ យ៉ាងណាមិញ ឪពុករបស់នាង និងបងប្រុសឈ្មោះ Hamed ដែលទើបតែចេះដើរតេះតះនៅឡើយនោះ បានរួចផុតជីវិតពីការវាយប្រហារនេះ៕