ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណម្ចាស់ Playground Barbie Park ដែលបានដកបម្រាមបន្ទាប់ពីមានការស្នើសុំ។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះមានករណីមួយទាក់ទងនឹងកន្លែងកម្សាន្តរបស់ក្មេង Playground Barbie Park បានដាក់បម្រាមមិនទទួលកុមារអូទីស្ស៊ីមចូលទៅលេងដូចក្មេងដទៃនៅក្នុងទីតាំងរបស់ខ្លួនដោយថាមានការរំខាន់ និងបង្ករភាពមិនប្រក្រតីនៅក្នុងទីតាំង។ ការនេះបណ្ដាលឲ្យមហាជនមានការរិះគន់ជាខ្លាំង ក្នុងនោះលោកអគ្គលេខាធិការបានសរសេរលើបណ្ដាញសង្គមរបស់លោកដោយស្នើទៅម្ចាស់ទីតាំងពិនិត្យឡើងវិញលើបម្រាមនេះ។
ក្រោយមានការស្នើនេះហ្វេសបុក Barbie Park ដែលជាបណ្ដាញសង្គមរបស់ Playground Barbie Park បានសុំទោសជាសាធារណ: និងបានបកស្រាយថា ទីតាំងគ្មានចេតនាអាក្រក់ ឬរេីសអេីងណាមួយទៅលេីកុមារអូទីស្សុីមនោះទេ តែបញ្ហានោះគឺខាងអាណាព្យាបាលទេ។
ក្នុងការបកស្រាយនោះ Playground Barbie Park បានលើកឡើងថា កូនរបស់អ្នកដែលបង្ហោះហ្វេសបុកចោទប្រកាន់លើហាងដែលកើតអូទីស្ស៉ឹមនោះ កន្លងមកតែងមកលេងនឹងបានបង្ករបញ្ហាដោយបញ្ចេញសំឡេងស្រែកគ្រហុឹមខ្លាំងៗ ថ្ងៃខ្លះគាត់វាយអ្នកមេីលថែរគាត់ បាចខ្សាច់ចេញក្រៅជាដើម ដោយគាត់មិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន វាធ្វេីអោយប៉ះពាល់ដល់អារម្មណ៏ក្មេងៗ និងអាណាព្យាបាលដទៃទៀតមានការភិតភ័យនិងសុវត្ថិភាពកូនគាត់។
ដោយសារករណីនេះទើបអាណាព្យាបាល ឬភ្ញៀវដទៃគាត់បាននិយាយដោយក្តីបារម្មណ៍មកកាន់ហាងទៅលេីសុវត្តិភាពរបស់កូនពួកគាត់។
ហាងបានបកស្រាយបន្ថែមថា ខាងហាងបានសុំយោគយល់ និងអធ្យាស្រ័យសុំទោសគាត់ដោយលេីកយកហេតុផលខាងលេីមកបញ្ជាក់ តែចំនុចដែលខាងហាងខុសបំផុតគឺធ្វេីតាមការទាមទាររបស់ម្ដាយកុមារមានជំងឺអូទីស្ស៉ឹមនោះតែម្ដង។
ហាងបានសរសេរថា៖ «ចំនុចដែលខាងហាងខុសបំផុតគឺធ្វេីតាមការទាមទារពីគាត់ ដោយគាត់ឲ្យខាងហាងធ្វេីការសរសេរ បិទលេីតុ និងផុសជាសាធារណៈទេីបគាត់ឈប់នាំកូនគាត់មកទៀត តែយេីងបានសរសេរហេីយក៏មិនទាន់បិតភ្លាមនោះដែរ តែគាត់នៅតែបន្តមកដដែល ដោយរឹងទទឹង មិនស្តាប់ហេតុផលនោះទេ រាល់ពេលគាត់ចូល គឺមានភ្ញៀវខ្លះគាត់នាំកូនគេចេញតែម្តង ទេីបយេីងសំរេចថាបិទលេីតុដេីម្បីអោយគាត់ស្ងប់អារម្មណ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គាត់បានមកឡូរឡា និងអុកឡុកក្នុងហាងជាខ្លាំង ទាំងដែលខាងហាងបានជូនពត៌មានជូនគាត់ ៣-៤ដងរួចមកហេីយតាំងពីថ្ងៃទី១៩ មកម្លេះ»។ បើទោះជាយ៉ាងណាហាងបានដកបម្រាមចេញហើយ។
លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណចំពោះការដកបម្រាបតាមការស្នើសុំ ដោយថា ដើម្បីចូលរួមលើកស្ទួយសិទ្ធិរបស់ជនមានពិការភាពនៅកម្ពុជា។
បើតាមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថារដ្ឋាភិបាល និងក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានលើកទឹកចិត្តដល់ការបង្កឱកាសឱ្យជនមានពិការភាពគ្រប់រូប ទទួលបានការសម្រាកលំហែកំសាន្ត ពិសេសដល់មនុស្សអូទីស្ស៊ីម និងដោនសាំងដ្រូម ដោយពុំមានការរើសអើងលើគ្រប់ទិដ្ឋភាពដើម្បីឈានទៅសម្រចឱ្យខាងតែបាននូវការមិនរើសអើងនិងធ្វើឱ្យសិទ្ធិក្លាយជាការពិតសម្រាប់ជនមានពិការភាព៕