
លោក ឯម ច័ន្ទមករា ស្នើដល់ម្ចាស់ Playground មួយកន្លែងពិនិត្យលើបម្រាមរបស់ខ្លួនឡើងវិញពាក់ព័ន្ធនឹងការហាមប្រាម មានលក្ខណៈរើសអើងដល់ជនមានពិការភាព
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានស្នើដល់ម្ចាស់កន្លែង Playground មួយកន្លែងនៅបុរីប៉េងហួតបឹងស្នោតឱ្យពិនិត្យករណីបម្រាមរបស់ខ្លួនឡើងវិញ ដើម្បីបង្ហាញពីការមិនរើសអើងដល់មនុស្សជាតិគ្រប់រូប ពិសេសជនមានពិការភាព។
ការស្នើនេះបន្ទាប់ពីមានការរិះគន់លើម្ចាស់ទីតាំងខាងលើដែលបានដាក់បម្រាមមិនទទួលកុមារអូទីស្ស៊ីមចូលទៅលេងដូចក្មេងដទៃនៅក្នុងទីតាំងរបស់ខ្លួននោះទេដោយថាមានការរំខាន់ និងបង្ករភាពមិនប្រក្រតីនៅក្នុងទីតាំង។
ម្ចាស់គណនីហ្វេសបុកឈ្មោះ Somalis Sopaul បានបង្ហោះនៅហ្វេសបុករបស់អ្នកស្រីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះថា ការហាមប្រាមនេះជាការរើសអើង និងមើលងាយដល់កូនអ្នកស្រី វាបានប៉ះពាល់ដល់សិទ្ធិកុមារ។
អ្នកស្រីថា៖ «ខ្ញុំព្យាយាមពន្យល់ហើយ ថាកូនខ្ញុំ មិនដែលបង្កគ្រោះថ្នាក់ដល់កុមារដ៏ទៃ ប៉ុន្តែមើលទៅ គេហាក់បីដូចជាភយ័ខ្លាចញញើតនឹងរើសអើង កុមារអូទីហ្សឹម មិនអាចអោយគ្នាមានឱកាសលេងដើម្បីលូតលាស់ជាមួយសង្គមនានា ដែលឈរក្រោមប្រធានបទសិទ្ធិកុមារ គឺមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារបរិភោគ សិទ្ធិបានចូលរៀនសូត្រ នឹងសិទ្ធិបានកំសាន្តគ្រប់ទីកន្លែងនានាដោយមិនបង្ករបញ្ហាដល់ដល់អ្នកដ៏ទៃ»។
ទាក់ទងនឹងករណីនេះអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកនិងបានចាត់ទុកបម្រាមនេះជាការរើសអើងដល់មនុស្សជាតិគ្រប់រូប ពិសេសជនមានពិការភាព។ លោកបានបញ្ជាក់ថារដ្ឋាភិបាលនិងក្រុមប្រឹក្សាសកម្មភាពជនពិការតែងបានលើកទឹកចិត្តដល់ការបង្កឱកាសឱ្យជនមានពិការភាពគ្រប់រូប ទទួលបានការសម្រាកលំហែកំសាន្ត ពិសេសដល់មនុស្សអូទីស្ស៊ីម និងដោនសាំងដ្រូម ដោយពុំមានការរើសអើងលើគ្រប់ទិដ្ឋភាពដើម្បីឈានទៅសម្រចឱ្យខាងតែបាននូវការមិនរើសអើងនិងធ្វើឱ្យសិទ្ធិក្លាយជាការពិតសម្រាប់ជនមានពិការភាព។
លោកបានសរសេរថា៖ «ស្នើសុំម្ចាស់កន្លែង Playground នេះ ពិនិត្យករណីបម្រាមរបស់ខ្លួនឡើងវិញ ដើម្បីបង្ហាញពីការមិនរើសអើងដល់មនុស្សជាតិគ្រប់រូប ពិសេសជនមានពិការភាព»។
លោកមានជំនឿថា ម្ចាស់ Playground ដែលបានដាក់បម្រាមនេះនឹងពិនិត្យករណីនេះឡើងវិញដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា៕