
បុណ្យឆ្លងឆ្នាំសកល នៅឆ្នេរអូរឈើទាល និងអូរត្រេះ នឹងផ្តល់ WiFi សាធារណៈល្បឿនលឿនប្រើប្រាស់ដោយឥតគិតថ្លៃ
ព្រះសីហនុ៖ នៅតំបន់ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ នឹងមានការដំឡើងប្រព័ន្ធ WiFi ល្បឿនលឿនសាធារណៈ ប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋដែលមកកម្សាន្តលេងក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២៣ ឈានចូល២០២៤ ខាងមុខនេះ។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបញ្ជាក់មក EAC ថា ការដំឡើងប្រព័ន្ធ WiFi សាធារណៈ ប្រើប្រាស់ដោយឥតគិតថ្លៃនេះ នឹងបំពាក់នៅបង្គោលភ្លើង ៣កន្លែងតាមឆ្នេរអូរឈើទាល និង ៣កន្លែងទៀតនៅឆ្នេរអូរត្រេះ។ ប្រព័ន្ធ WiFi នេះជាគម្រោងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានការសម្របសម្រួលពីអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ជាធម្មតានៅថ្ងៃចុងសប្តាហ៍នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុអាចស្រូបទាញភ្ញៀវទេសចរជាហូរហែរ។ ដោយឡែកតាមរយៈការដំឡើងប្រព័ន្ធធឺណែតប្រើប្រាស់ដោយឥតគិតថ្លៃបែបនេះទៀតសាត នឹងជួយជំរុញឱ្យភ្ញៀវទេសចរមកកម្សាន្តលេងបន្ថែមមួយកម្រិតទៀត។
លោកបន្តថា ការដំឡើងប្រព័ន្ធអ៊ីនធឺណែតប្រើប្រាស់ដោយឥតគិតថ្លៃនេះ អាចសម្រួលដល់ការកម្សាន្តលេងនៅឆ្នេររយៈពេលយូរ និងសម្រួលដល់កិច្ចការរបស់ពួកគាត់ផងដែរ។
លោក តាំង សុចិត្តគ្រឹស្នា ប្រាប់ថា នៅឱកាសបុណ្យឆ្លងឆ្នាំសកលនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំសណ្តាប់ធ្នាប់ ពង្រឹងសុវត្ថិភាព និងពង្រឹងឆ្មាំសមុទ្រដើម្បីត្រៀមការពារហានិភ័យ និងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
លោកសង្ឃឹមថា បុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ខេត្តអាចនឹងទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ ខណៈបច្ចុប្បន្ននៅតាមសណ្ឋាគារ និងកន្លែងស្នាក់នៅកម្សាន្តនានាក្នុងខេត្តមានការកក់ស្ទើរតែពេញទៅហើយ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលរាជធានីខេត្តរៀបចំតុបតែងលម្អទីតាំងកម្សាន្ត និងទីតាំង Countdown ឆ្លងឆ្នាំសកល ជាមួយនឹងការរៀបចំ ប្រគំមន្ត្រី សម្តែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និងកម្មវិធីកម្សាន្តផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក៕