
កាកបាទក្រហម អឌ្ឍចន្ទក្រហមពិភពលោក ស្នើឱ្យមានវ៉ាក់សាំងបន្ថែមដល់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ស្កាត់ចំនួនអ្នកស្លាប់ដោយកូវីដ-១៩
អាស៊ីអាគ្នេយ៍៖ កាកបាទក្រហម អឌ្ឍចន្ទក្រហមពិភពលោក បានថ្លែងនូវមតិយោបល់របស់ខ្លួនថា បណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងមានតម្រូវការចាំបាច់បំផុតនូវវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀត អំឡុងពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងនេះ កំពុងស្ថិតក្នុងស្ថានភាពតានតឹង ក្នុងការទប់ស្កាត់តួលេខអ្នកឆ្លង និងតួលេខអ្នកស្លាប់ ដែលមានការកើនឡើងខ្ពស់ទៅៗរៀងរាល់ថ្ងៃ ជាពិសេសការឆ្លងរាលដាលជាចង្កោម នូវវីរុសកូវីដ-១៩ប្រភេទដែលតា។
កន្លងមក តំបន់អាស៊ីអាគ្នេយ៍ពុំទទួលរងផលប៉ះពាល់ខ្លាំងឡើយ គ្រាដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពវឹកវរកាលពីឆ្នាំ២០២០កន្លងទៅ។ យ៉ាងណាក្តី ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនតួលេខខ្ពស់ខ្លាំងនៃអ្នកស្លាប់ដោយសារកូវីដ-១៩ ក្នុងតំបន់ដែលបង្កនូវការព្រួយបារម្ភខ្លាំងពីបណ្តាប្រទេសទាំងអស់។ ចំពោះបញ្ហានៃចំនួនតួលេខអ្នកឆ្លងខ្ពស់ និងអត្រាអ្នកស្លាប់ហក់ឡើងខ្លាំងនេះ បានរុញប្រព័ន្ធសុខាភិបាលនៃបណ្តាប្រទេសមួយចំនួនសឹងតែដួលរលំទៅហើយ ខណៈបញ្ហាដែលចោទឡើងត្រូវបានគេដាក់បន្ទុកដោយសារតែកង្វះវ៉ាក់សាំង ព្រមទាំងយុទ្ធនាការផ្តល់វ៉ាក់សាំងមានភាពយឺតយ៉ាវ។
លោក Alexander Matheou អគ្គនាយកនៃ កាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា បញ្ហាកូវីដ-១៩ កំពុងជះឥទ្ធិពលខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាក់ស្តែងពិភពលោកបានឃើញអំពីផលប៉ះពាល់ខ្លាំងនៃបញ្ហាប្រព័ន្ធសុខាភិបាល ដែលមានការលំបាកក្នុងការទ្រទ្រង់អ្នកជំងឺ។ ការលើកឡើងខាងលើនេះ ត្រូវបានប្រភពដកស្រង់បញ្ជាក់ថា លោកចង់សំដៅដល់បណ្តាប្រទេសមួយចំនួនដូចជា មីយ៉ាន់ម៉ា, ថៃ, វៀតណាម, ឥណ្ឌូណេស៊ីជាដើម។
ពាក់ព័ន្ធនឹងអសមភាពនៃការផ្តល់វ៉ាក់សាំង ក៏ជាកត្តាមួយដែលជម្រុញឱ្យតំបន់អាស៊ីអាគ្នេយ៍រងផលប៉ះពាល់ខ្លាំងដោយសារកូវីដ-១៩ ផងដែរ ដោយបច្ចុប្បន្ននេះក្រឡេកមើលទៅប្រទេសជឿនលឿនដូចជា កាណាដា បារាំង ចក្រភពអង់គ្លេស និងអេស្ប៉ាញជាដើម បានផ្តល់វ៉ាក់សាំងប្រមាណជា ៦០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួនរួចទៅហើយ។ ប៉ុន្តែសម្រាប់បណ្តាប្រទេសដែលមានចំនួនប្រជាជនច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាដើម ទើបផ្តល់វ៉ាក់សាំងលើប្រជាជនប៉ុន្មាន ១០-១១ភាគរយប៉ុណ្ណោះ ខណៈវៀតណាមដែលមានប្រជាជនក្បែរ ១០០លាននាក់ ទើបដំណើរការវ៉ាក់សាំងជូនប្រជាជនខ្លួនប្រមាណ ២ភាគរយប៉ុណ្ណោះ៕