
អភិបាលខេត្តរតនគិរីដកតំណែងប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី មកជាមន្ត្រីនៅមន្ទីរបង្អែកខេត្តវិញ
រតនគិរី៖ លោក អ៊ុង រតនា ត្រូវបានអភិបាលខេត្តរតនគិរី បញ្ឈប់តំណែងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ឱ្យទៅបម្រើការងារជាមន្ត្រីនៅមន្ទីរបង្អែកខេត្តវិញ។ នេះបើយោងតាមដីកាស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីរាជការដែលចុះហត្ថលេខាដោយអភិបាលខេត្ត លោក ញ៉ែម សំអឿន នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងដីកានោះ បានសរសេរថា៖ «អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវេជ្ជបណ្ឌិត អ៊ុង រតនា ឲ្យទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច ឃ តាមរូបភាព បញ្ឈប់ពីការងារដោយបង្ខំ ពីប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ឲ្យមកបម្រើការងារជាមន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី»។
ក្នុងដីកាដោយឡែកមួយទៀត បានបញ្ជាក់ឱ្យដឹងថា លោក ជា សានិត ត្រូវបានទទួលភារកិច្ចជាប្រធានមន្ទីរស្តីទីមន្ទីរសុខាភិបាលខេត្តរតនគិរី។
ការដកតំណែងលោក អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាលខេត្ត មិនទាន់ដឹងថាលោកមានកំហុសអ្វីនៅឡើយទេ៕