ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ចំនួនបទល្មើសព្រហ្មទណ្ឌក្នុងខេត្តបន្ទាយមានជ័យ មានការកើនឡើងបន្តិចខណៈអាជ្ញាធរបង្កើនការពង្រឹងសន្តិសុខ

បន្ទាយមានជ័យ៖ បទល្មើសព្រហ្មទណ្ឌកើតមាននៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៣ កើតមាន ៨៩/៨២លើក កើនលើសឆ្នាំ២០២២ ចំនួន ៧លើកស្មើនឹង៩% ដែលក្នុងនោះបទឧក្រិដ្ឋកើន ៨លើក បទមជ្ឈឹមថយចុះ ១លើក។ ជាមួយនឹងកំណើននៃបទល្មើសដូចនេះ កម្លាំងសមត្ថកិច្ចរបស់ខេត្តគ្រប់ជាន់ថ្នាក់ ក៏បានធ្វើប្រតិបត្តិការបង្ក្រាបបាន ៧៨/៨៩ លើកស្មើនឹង ៨៨% នៃបទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន។

នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឆ្នាំ២០២៣ និងទិសដៅបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ផាន់ ចាន់ធុល លើកឡើងថា រាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែចាត់ទុកសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងកំណែទម្រង់រដ្ឋ ដែលក្នុងនោះកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ គឺជាគ្រឹះដ៏រឹងមាំក្នុងការគាំទ្រដល់សកម្មភាពទាំងនេះ។

លោកបានបន្តថា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ដោះស្រាយវិបត្តិសង្គម ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងមូលដ្ឋាន និងចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ប្រចាំថ្ងៃ ដើម្បីបង្កបាននូវសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានរបស់យើង។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្តថា បទល្មើសក្រៅពីបទល្មើសព្រហ្មទណ្ឌ មានបទល្មើសផ្សេងៗដូចជា ល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ គ្រឿងញៀននិងបទល្មើសសេដ្ឋកិច្ច នៅកើតមានក្នុងមូលដ្ឋានមួយចំនួន កម្លាំសមត្ថកិច្ចជំនាញបានខិតខំស្រាវជ្រាវមុខសញ្ញា និងចេញធ្វើប្រតិបត្តិការបង្ក្រាបបានរហូតដល់ ៣៣៩លើក ក្នុងនោះបទល្មើសល្បែងស៊ីសង ៤៥លើក និងបទល្មើសគ្រឿងញៀន ២៦៧លើក។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩០/៩២លើក ថយចុះ ២% ចំនួនអ្នកស្លាប់ថយចុះ ៩% រីឯគ្រោះថ្នាក់ផ្សេងៗបានកើតឡើងចំនួន ២២៤/២៣៧លើក ថយចុះ ៥% ធៀបនឹងឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក