ភ្នំពេញ៖ ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសួរមួយសំណួរទៅកាន់អ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទាក់ទងនឹងការគោរពសិទ្ធិរស់រានមានជីវិតរបស់មនុស្ស។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនៅយប់ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយភ្ជាប់នូវវីដេអូនៅភ្ញៀវទេសចរណ៍នាវាវេស្ទើដាម (Westerdam) ដែលវិលត្រឡប់មកកម្ពុជាសារជាថ្មី ហើយកំពុងរាំសប្បាយរីករាយនឹងចង្វាក់ភ្លេងប្រគុំស្វាគមន៍ផងនោះថា ពីដើមដល់ចប់សិទ្ធិរស់រានមានជីវិតគឺជាចំណុចសំខាន់ជាងគេព្រោះបើស្លាប់ទៅហើយតើមានសិទ្ធិនិងប្រជាធិបតេយ្យអ្វីទៀត។
គួរឲ្យដឹងថាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នាវាវេស្ទើដាម (Westerdam) បន្ទាប់ពីមានប្រទេសជាច្រើនបដិសេធមិនឲ្យចូលទៅកាន់ប្រទេសរបស់គេដោយសារបារម្ភពីជំងឺកូវីដ-១៩ ត្រូវបានរដ្ឋាភិបាលកម្ពុជាស្វាគមន៍ឲ្យចូលចត ដែលធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំង។ ការវិលត្រឡប់មកកម្ពុជាសារជាថ្មីនៅថ្ងៃទី២៨ ខែធ្នូនេះ ត្រូវបានសម្ដេចតេជោចោទសួរទៅកាន់អ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទាក់ទងនឹងការគោរពសិទ្ធិរស់រានមានជីវិតរបស់មនុស្ស ថាប្រសិនបើពេលនោះកម្ពុជាមិនឱ្យនាវានេះចូលចតតើជិវិតមនុស្សនៅលើវានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាន នៅរស់ប៉ុន្មាន?
សម្ដេចថា៖ «ខ្ញុំចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។ សម្រាប់ខ្ញុំពីដើមដល់ចប់សិទ្ធិរស់រានមានជីវិតគឺជាចំណុចសំខាន់ជាងគេព្រោះបើស្លាប់ទៅហើយតើមានសិទ្ធិនិងប្រជាធិបតេយ្យអ្វីទៀត»៕