វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវពលរដ្ឋរួមចំណែកទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិតដើម្បីលុបទៅលើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតែព័ត៌មានដែលមានគុណភាពសម្រាប់ផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពក្នុងសង្គម។

លោក ទេព អស្នារិទ្ធ បានលើកឡើងថា សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាបានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធ័រណែត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។

លោកបន្តថា ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយបាននិងកំពុងជះឥទ្ធិពលនិងផលវិបាកមកលើសង្គមរស់នៅផងដែរ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កភាពចលាចល អាចឲ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឲ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ដល់ឯកជនភាព ធ្វើឲ្យបាត់បង់កិត្តិយស។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយអាចនឹងបង្កឲ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ននិងទៅអនាគត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយមានភាពចាំបាច់ណាស់ដើម្បីបន្តធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត ដូច្នេះចាំបាច់ណាស់ពលរដ្ឋត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិតដើម្បីលុបទៅលើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតែព័ត៌មានដែលមានគុណភាពសម្រាប់ផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពក្នុងសង្គម។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានបន្តថា ប្រជាពលរដ្ឋគ្រប់រូបដែលជាអ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ មានតួនាទីសំខាន់ណាស់ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះប្រសិនបើប្រជាពលរដ្ឋចែករំលែកព័ត៌មានពិត ព័ត៌មានល្អ មានគុណភាពទៅឲ្យសមាជិកដទៃទៀតក្នុងក្រុមគ្រួសារក្តី ក្នុងសហគមន៍ខ្លួនក្តី នោះសង្គមគ្រួសារ និងជាតិទាំងមូលនឹងសុទ្ធសឹងទទួលបាននូវព័ត៌មានពិត ហើយរួមចំណែកបានក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ដោយប្រជាពលរដ្ឋអាចអនុវត្តនូវវិធានសំខាន់មួយចំនួនដូចជា៖ ១. មុននឹងជឿលើព័ត៌មានអ្វីមួយ សូមសួរខ្លួនឯងថាតើព័ត៌មាននោះមានប្រភពច្បាស់លាស់ឬទេ តើវាមានប្រភពពីណា ហើយតើជាប្រភពដែលអាចទុកចិត្តបានដែរឬទេ? ២. សូមពិចារណាឲ្យបានច្បាស់ជាមុនសិនថាតើគួរចែករំលែកព័ត៌មាននោះទៅអ្នកដទៃដែរឬទេ ហើយការចែករំលែកនោះនឹងផ្តល់ផលប្រយោជន៍ ឬអាចបង្កផលវិបាកដល់សង្គមគ្រួសារ និងជាតិ? ៣. ប្រសិនបើមានភាពសង្ស័យ មន្ទិលក្នុងចិត្តលើភាពសុក្រិត ភាពពិតនៃព័ត៌មានណាមួយ សូមកុំចែករំលែកបន្ត និងគួរប្រកាន់ខ្ជាប់នូវទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានឲ្យច្បាស់ជាមុនសិន មុននឹងចែករំែលកព័ត៌មាននោះបន្ត។

អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងបន្ថែមថា ក្រសួងព័ត៌មាននឹងរៀបចំនូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Zero Fake News Campaign នៅពេលខាងមុខ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយផ្តោតលើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និងលើកកម្ពស់ចំណេះដឹងសាធារណៈតាមរយៈការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ក៏ដូចជាវិធានការនានាក្នុងការទប់ស្កាត់ការសាយភាយ នៃព័ត៌មានក្លែងក្លាយនេះ។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ដែរថា អ្នកសារព័ត៌មានជាតួអង្គដ៏សំខាន់មួយក្នុងសង្គមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះការផ្សព្វផ្សាយខ្លឹមសារព័ត៌មានពិតច្រើនដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន វានឹងលុបលើព័ត៌មានក្លែងក្លាយ ហើយនៅពេលដែលបរិមាណនៃព័ត៌មានពិត ត្រូវបានចែកចាយកើនឡើងច្រើន ពេលនោះព័ត៌មានក្លែងក្លាយនឹងស្លាប់ទៅដោយខ្លួនឯង។

ក្នុងន័យនេះ លោកថា អ្នកសារព័ត៌មានក៏ត្រូវបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ នោះព័ត៌មានពិតដែលបានផ្សាយនឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋមកលើការផ្សព្វផ្សាយរបស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៀតផង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក