
រដ្ឋមន្ត្រីទេសចរណ៍ថារាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឆ្នេរក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឆ្នេរក្នុងគោលដៅទាក់ទាញភ្ញៀវបរទេសមកកម្ពុជាកាន់តែមានកំណើនបន្ថែមទៀត និងស្នាក់នៅរយៈពេលយូរ ដែលនេះជាកិច្ចការអាទិភាពរបស់ក្រសួងទេសចរណ៍ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននាពិធីស្វាគមន៍ភ្ញៀវទេសចរបរទេសអញ្ជើញមកកម្ពុជាតាមនាវាទេសចរណ៍ Westerdam ជាលើកទី២ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
តាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភ្ញៀវទេសចរបរទេសដែលអញ្ជើញមកដល់កម្ពុជាតាមរយៈនាវាទេសចរណ៍ផ្សេងៗ ភាគច្រើនចំណាយពេលកម្សាន្តលេងនៅតំបន់ឆ្នេរ ខណៈនាវា Westerdam ដែលផ្ទុកភ្ញៀវទេសចរ ១ ៩៩១នាក់ដែលចុះចតនៅខេត្តព្រះសីហនុនាថ្ងៃព្រហស្បតិ៍នេះ មាន ៥០០នាក់មានដំណើរកម្សាន្តនៅខេត្តជាប់សមុទ្រ និងតំបន់ផ្សេងៗដទៃទៀត។
លោករដ្ឋមន្ត្រីសង្ឃឹមថានៅពេលអនាគតកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរតាមផ្លូវទឹកមកកាន់កម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះលោកក៏នឹងរំពឹងដែរថា នៅឆ្នាំក្រោយៗនឹងមានកប៉ាល់ខ្នាតធំបែបនេះចូលមកកម្ពុជាបន្ថែមទៀតផងដែរ។
លោក សុខ សូកេន បានថ្លែងថា៖ «អ្វីដែលយើងបានឃើញកន្លងមកនេះ គឺបទពិសោធន៍របស់យើង ភ្ញៀវទេសចរដែលអញ្ជើញមកតាមនាវាចរណ៍ គឺពួកគាត់ចាយពេលវេលាច្រើននៅក្នុងតំបន់ឆ្នេរ អ៊ីចឹងយើងនឹងពិចារណាផងដែរថា នឹងខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងអស់ពាក់ព័ន្ធនឹងតំបន់ឆ្នេរ បង្កើនភាពទាក់ទាញ ជាពិសេសផលិតផល។ ពាក់ព័ន្ធកិច្ចការងារនេះ យើងនឹងបន្តពិភាក្សាឱ្យស៊ីជម្រៅជាមួយនឹងវិស័យឯកជនតាមរយៈក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជារបស់យើង»៕