ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ អបអរខួបលើកទី២៥ឆ្នាំនៃ «ទិវានយោបាយឈ្នះឈ្នះ» និង ខួបលើកទី៥ឆ្នាំនៃការកសាង «វិមានឈ្នះឈ្នះ»។ អស់រយៈពេល ២៥ឆ្នាំ កម្ពុជាបានរួចផុតពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុង ពោលគឺបាននាំឱ្យកម្ពុជាមានសុខសន្តិភាពដោយបរិបូរណ៍ តាមរយៈនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
នយោបាយឈ្នះឈ្នះដែលបានដាក់ចេញដោយសម្តេចតេជោ មានការធានា ៣យ៉ាង គឺការធានារូបកាយ និងអាយុជីវិត គឺជាការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងគ្រួសារដែលបានស្ម័គ្រចិត្តបញ្ចប់សង្គ្រាម និងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់នៅក្នុងចរន្តនៃសង្គមជាតិវិញ។
ការធានាទី២ គឺការធានាអាជីព និងមុខរបរ ពោលធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្ទាល់ជូនអ្នកទាំងអស់នូវលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិតដែលពួកគេធ្លាប់មានកន្លងមក។ ចំណែកការធានាទី៣ គឺធានាកម្មសិទ្ធទ្រព្យសម្បត្តិទាំងចលនទ្រព្យ និងអចលទ្រព្យ ពាលធានាខាងផ្នែកកម្មសិទ្ធដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមកដោយគ្មានការដកហូត ឬរុះរើឡើយ។
សម្តេចតេជោក៏បានប្រើយុទ្ធសាស្ត្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ) ដោយបំបែកកម្លាំងរបស់ភាគីខ្មែរក្រហម ធ្វើឱ្យកម្លាំងខ្មែរក្រហមនៅឯកោ បញ្ចប់សកម្មភាព និងអង្គការចាត់តាំងរបស់ខ្មែរក្រហម ធ្វើសមាហរណកម្មកម្លាំងដែលព្រមចូលរួមជាមួយរដ្ឋាភិបាល និងធ្វើការអភិវឌ្ឍទីតាំងដែលបានធ្វើសមហរណកម្មហើយ។
ដើម្បីរំលឹកពីសន្តិភាព និងសមិទ្ធផលនៃនយោបាយឈ្នះឈ្នះ ដែលជាកត្តាចម្បងសម្រាប់ជំរុញឱ្យមានការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រាជរដ្ឋាភិបាលបានសាងសង់ «វិមានឈ្នះឈ្នះ» ដែលមានទីតាំងនៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ម៉ែត្រ ទទឹង ៣៦ម៉ែត្រ លើទំហំផ្ទៃដី ៨ហិកតា ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ វិមានឈ្នះឈ្នះ ត្រូវបានកសាងឡើងដោយកូនខ្មែរសុទ្ធសាធ ហើយត្រូវបានសាងសង់ឡើងដោយបានដកស្រង់ចេញពីខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
វិមានឈ្នះ-ឈ្នះ ត្រូវបានកសាងឡើងដើម្បីជាការរំឮកដឹងគុណ និងចង់បង្ហាញនូវគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ។ ដើម្បីបង្ហាញនូវសមិទ្ធផលទទួលបានដោយសន្តិភាព និងការអភិវឌ្ឍក្នុងមាតុភូមិកម្ពុជាយើង ជាពិសេសបំផុតក្នុងរយៈពេលតែ ២០ឆ្នាំ ក្រោយនយោបាយឈ្នះ-ឈ្នះ បានបញ្ចប់សង្គ្រាមទាំងស្រុង និងបានទទួលសន្តិភាព។ ជាមួយគ្នានេះគឺដើម្បីចែករំលែក ការផ្តល់នូវការសិក្សាជាទីកន្លែងមួយ ដែលអាចធ្វើជាមជ្ឃមណ្ឌលស្រាវជ្រាវឈ្វេងយល់ និងខិតខំបង្កើតនូវចក្ខុវិស័យ ក្នុងការបន្តស្ថានភាពបែបនេះទៅថ្ងៃអនាគត។
វិមានអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន៖ ទី១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ) ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និងអភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងសារសំខាន់ ទី៣. តួវិមានមានជ្រុងប្រាំពីរ តំណាងកត្តានាំឲ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។
នៅជាប់លើវិមាន មានឆ្លាក់សិលាចារឹកចំនួន ២ផ្ទាំង។ សិលាចរឹកផ្ទាំងទី១ បង្ហាញពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមាន ឈ្នះ-ឈ្នះ ដើម្បីចារឹក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ ក្រោយតរៀងទៅ។
សិលាចារឹកផ្ទាំងទី២ បង្ហាញអំពីការបញ្ចុះបឋមសិលាសាងសង់វិមានឈ្នះ-ឈ្នះ នាមសប្បុរសជនដែលកសាងថែទាំ ការពារ រួមទាំងការអំពាវនាវរបស់សប្បុរសជនទាំងឡាយ ដែលមានបំណងល្អចំពោះសំណង់ប្រវត្តិសាស្ត្រ។
វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ មានច្រកទ្វារចូលក្នុងវិមានចំនួន៣ ដែលច្រកទ្វារទាំង៣នេះ ក៏មានអត្ថន័យផ្សេងៗគ្នាផងដែរ ដោយ ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រូបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រឹស្តសាសនា។ និមិត្តរូបព្រះពុទ្ធសាសនា ដាក់ចំកណ្តាល ត្បិតព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សម្រាប់ហោជាងនៅច្រកទ្វារជ័យនេះកំណត់យករូបសញ្ញារាជរដ្ឋាភិបាល មានព្រះខ័នម្កុដរាជ្យ សញ្ញាឱមតម្កល់លើជើងពានទ្រជាក្បាច់ភ្ញីទេស។
ច្រកទ្វារទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា «នយោបាយឈ្នះ-ឈ្នះ»៖ រូបរចនានៅលើផ្តែរ គឺការធានាបីយ៉ាងរបស់នយោបាយឈ្នះ-ឈ្នះ។ សម្រាប់ចម្លាក់លើហោជាងទាក់ទងនឹងការធានាបីយ៉ាង ត្រូវបានរចនាឡើងក្នុងន័យវប្បធម៌ ដែលមានរូបព្រះវិស្ណុការ កណ្ឌី និងព្រះបាទកុវេរៈ។
ច្រកទ្វារទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្ត្រខ្មែរ៖ រូបរចនានៅលើផ្តែរ ស្តីពីវប្បធម៌ និងបេតិកភណ្ឌជាតិដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នុងប្រទេសកម្ពុជា ពីអាយុកាលមុនអង្គររហូតដល់ចុងអង្គរ មានជាអាទិ៍៖ ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ សម្រាប់ចម្លាក់លើហោជាង គឺជារូបព្រះឥន្ទ្រគង់លើដំរីក្បាលបីលើព្រះកាល។
នៅលើវិមានប្រសាទមានសាងសង់រូបដំរីក្បាលបីមានស្លាប គ្រុឌ និងហង្ស ដែលបញ្ជាក់ពីអត្ថន័យ និងខ្លឹមសារផ្សេងៗគ្នា ដោយ «ហង្ស» ជាសត្វនៃបក្សីសួគ៌ និងជានិមិត្តរូបនៃសេចក្តីចម្រុងចម្រើន ឬភាពសម្បូរខាងទ្រព្យធនជាដើម។ «គ្រុឌ» ជាកម្លាំងនិមិត្តរូបដ៏មហិមា ល្បឿនលឿនឆ្ពោះទៅមុខ ម្លោះហើយទើបគេច្រើនធៀបអ្នកចម្បាំង ទៅនឹងសត្វគ្រុឌ។ ដំរីក្បាលបីមានស្លាបជាយាន្តជំនិះរបស់ព្រះឥន្ទ្រ ដែលជាស្តេចនៃស្ថានសួគ៌ និងជាទេពប្រចាំទិសខាងកើត។
ដំរីក្បាលបីមានឈ្មោះថា Airivata ដែលជាវត្ថុពិសិដ្ឋមួយ កើតចេញមកពីការកូរសមុទ្រទឹកដោះ រវាងពួកយក្សនិងពួកទេព។ លើសពីនេះទៅទៀត គឺដំរីក្បាលបីមាននាទីជាអ្នកយាមទ្វារព្រះរាជវាំង របស់ព្រះឥន្ទ្រ។ ការផ្តុំរូបទាំងបីនេះ ក៏ជានិមិត្តរូប ដី អាកាស និងស្ថានសួគ៌ផងដែរ។
នៅអមសងខាងផ្លូវចូលនៃវិមាន មានតម្កល់រូបយក្សទាញព្រ័ត្រ ដែលជាខ្សែទេវកថាដ៏ល្បីមួយក្នុងសង្គមខ្មែរបុរាណ ហើយក៏ជានិមិត្តរូបនៃការកើតថ្មី ឬភាពអមតៈ ដែលគេនិយមប្រើសម្រាប់សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុងជាឧទាហរណ៍ ក្រុងអង្គរធំដែលមានឈ្មោះថា «យោសោធរ»។
នៅបរិវេណសំណង់វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នេះ ក្រៅពីសំណង់តួវិមាន ក៏មានរៀបចំជាឧទ្យានប្រវត្តិសាស្ត្រ ដែលចែកតំបន់ជាពីរសំខាន់ៗផងដែររួមមាន៖
១៖ តំបន់សុខដុមនីយកម្មប្រវត្តិសាស្ត្រខ្មែរ៖ គម្រោងនេះ រៀបជាឧទ្យានខ្មែរបុរាណ និងសំណង់ប្រាសាទខ្មែរនាសម័យកាល រុងរឿងសុខដុមមានប្រាសាទទាំង៥ គឺប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ ប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។
២៖ តំបន់សមិទ្ធផល៖ ជាឧទ្យានដែលបង្កើតជាសួនកម្សាន្ត តម្រូវបានទៅតាមគ្រប់សាធារណជនគ្រប់វិស័យ និងជាព្រៃទេពនិម្មិត ដែលពិព័រណ៍សម្ភារ និងសមិទ្ធផលរបស់វិស័យយោធាកម្ពុជា។
ព្រៃទេពនិម្មិត គឺជាកន្លែងដាក់បង្ហាញអំពីសមិទ្ធផល និងសម្ភារយោធាកម្ពុជា។ ទីនេះនឹងក្លាយជាកន្លែងសិក្សាស្រាវជ្រាវ សម្រាប់សាធារណជនគ្រប់រូប ដែលមានបំណងចង់សិក្សាឈ្វេងយល់ អំពីវិស័យយោធា ការការពារជាតិ និងការនាំមកនូវសន្តិភាព ជូនជាតិមាតុភូមិកម្ពុជា៕
អត្ថបទដកស្រង់ពី គេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា