វៀតណាម៖ រដ្ឋមន្រ្តីក្រសួងកសិកម្មវៀតណាម លោក Le Minh Hoan បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសវៀតណាមកំពុងពិចារណាលើការកាត់បន្ថយផ្ទៃដីសម្រាប់ដំណាំស្រូវ ប្រសិនបើតម្លៃកសិផលស្រូវនៅតែបន្តធ្លាក់ចុះបន្ថែមទៀត។ រដ្ឋមន្រ្តីកសិកម្មវៀតណាមខាងលើបានបញ្ជាក់ថា វៀតណាមកំពុងគិតគូរពីផែនការកាត់បន្ថយផ្ទៃដីដាំស្រូវ ហើយងាកទៅលើផលិតផលកសិកម្មផ្សេងៗជំនួសវិញ ពោលគឺដំណាំដែលមានតម្លៃខ្ពស់ និងអាចបង្កើននូវប្រាក់ចំណេញច្រើនជាងមុនដល់ប្រជាពលរដ្ឋ។
ការលើកឡើងបែបនេះ ក្រោយពេលដែលក្រសួងកសិកម្មវៀតណាមបានសង្កេតឃើញពីការធ្លាក់ចុះនៃតម្លៃស្រូវជាបន្តបន្ទាប់ ដោយសារតែតម្រូវការធ្លាក់ចុះ ខណៈពលរដ្ឋមានការលំបាកក្នុងការដាំដុះ និងប្រមូលផល ជាពិសេសនៅក្នុងអំឡុងវិបត្តិកូវីដ-១៩។ តម្លៃអង្ករធម្មតា បានធ្លាក់ចុះមកនៅត្រឹម ៣៩០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយតោន ដែលជាតម្លៃទាបបំផុត រាប់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក។ គួរឱ្យដឹងដែរថា វៀតណាមគឺជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទី៣លើពិភពលោក ដោយឈរពីក្រោមឥណ្ឌា និងថៃ។
យ៉ាងណាក្តី រដ្ឋមន្រ្តីកសិកម្មខាងលើមិនបានបញ្ជាក់ឡើយថា វៀតណាមមានគម្រោងកាត់បន្ថយកម្រិតណានៃផ្ទៃដីដាំដុះស្រូវក្នុងប្រទេសនេះ ប៉ុន្តែបើតាមសារព័ត៌មានរដ្ឋវៀតណាមកន្លងមកធ្លាប់បានចុះផ្សាយថា វៀតណាមមានគម្រោងកាត់បន្ថយផ្ទៃដីដាំស្រូវប្រមាណ ៥,៤ភាគរយ ឬស្មើនឹងជាង ៣,៥លានហិចតា នៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ៕