ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតអភិបាលខេត្តឥណ្ឌូណេស៊ីម្នាក់ ស្លាប់អំឡុងពេលដំណើរការក្តីរឿងអំពើពុករលួយ

ឥណ្ឌូណេស៊ី៖ មរណភាពរបស់អតីតអភិបាលខេត្តប៉ាពួ (Papua) លោក Lukas Enembe អំឡុងពេលដំណើរការស៊ើបអង្កេតរឿងរ៉ាវពាក់ព័ន្ធនឹងអំពើពុករលួយ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងប្រឆាំងទៅនឹងគណៈកម្មាធិការលុបបំបាត់អំពើពុករលួយ (KPK) ដែលអង្គភាពនេះជាផ្នែកមួយជំរុញឱ្យសុខភាពអតីតមន្រ្តីខាងលើកាន់តែធ្លាក់ចុះខ្លាំង ដោយការដាក់កម្មវិធីសវនាការផ្ទួនៗអំឡុងពេលលោកមានបញ្ហាសុខភាព។ 

យ៉ាងណាមិញ គណៈកម្មាធិការលុបបំបាត់អំពើពុករលួយរបស់ឥណ្ឌូណេស៊ីបានចេញមកបញ្ជាក់ថា បើទោះបីជាការចោទប្រកាន់ទាំងអស់ប្រឆាំងនឹង Lukas ត្រូវបានទម្លាក់ចោលដោយសារមរណភាពរបស់គាត់ក៏ដោយ ប៉ុន្តែគណៈកម្មការរក្សាសិទ្ធិអំណាចក្នុងការយកមកវិញនូវការខាតបង់ហិរញ្ញវត្ថុរបស់រដ្ឋទាំងអស់ត្រឡប់មកវិញពាក់ព័ន្ធនឹងសំណុំរឿងរបស់បុគ្គលរូ​បនេះ។ 

អ្នកជំនាញបានថ្លែងប្រាប់សារព័ត៌មាន CNA ថា អាជ្ញាធរអាចរឹបអូសយកមកវិញនូវទ្រព្យសម្បត្តិដែលបាត់បង់តាមមធ្យោបាយផ្សេងៗ ជាពិសេសគឺអចលនទ្រព្យជាច្រើនដែលជាកម្មសិទ្ធិរបស់លោក Lukas ផ្ទាល់។ សារព័ត៌មាន Jakarta Globe បានរាយការណ៍ថា Lukas បានស្លាប់កាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ខណៈដែលកំពុងទទួលការព្យាបាលជំងឺខ្សោយតម្រងនោមនៅមន្ទីរពេទ្យយោធា Gatot Subroto។ សាកសពរបស់លោកនឹងត្រូវបញ្ជូនត្រឡប់ទៅខេត្ត  Papua វិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំពេលមានវិធានការសន្តិសុខរឹតបន្តឹង។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាសុខភាពរបស់ លោក Lukas មានសភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសអំឡុងពេលដំណើរការក្ដីក្ដាំរបស់លោកលើបទចោទប្រកាន់អំពីអំពើពុករលួយ។ លោក Lukas ត្រូវបានចោទប្រកាន់ពី​បទ​សូកប៉ាន់ និង​អំពើ​ពុករលួយ​ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧០ម៉ឺនដុល្លារអាមេរិក ដែល​ទាក់ទង​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ខេត្ត Papua។ អាជ្ញាធរក៏កំពុងពិនិត្យមើលពាក់ព័ន្ធទៅនឹងករណីលាងលុយកខ្វក់ដែលជាប់ពាក់ព័ន្ធជាមួយអភិបាលខេត្តរូបនេះផងដែរ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថា រដ្ឋអាជ្ញានៃស្ថាប័នលុបបំបាត់អំពើពុករលួយ (KPK) មិនទាន់បានប្រគល់សំណុំរឿងនេះទៅដល់ដៃតុលាការនៅឡើយទេ។

កាលពីខែតុលាកន្លងទៅ លោក Lukas ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពិន័យជាប្រាក់ចំនួន ៥០០លានរូពី (ជាង ៣០ម៉ឺនដុល្លារអាមេរិក) ហើយបានបញ្ជាឱ្យបង់ប្រាក់សំណងរដ្ឋចំនួនជាង ១៩,៨ពាន់លានរូពី (ប្រមាណជា ១លាន ៣សែនដុល្លារអាមេរិក)។ មិនត្រឹមតែប៉ុណ្ណោះ គាត់អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារបន្ថែមចំនួន ៤ខែ ប្រសិនបើមិនបង់ប្រាក់ពិន័យ និងអាចបន្ថែមទោសពន្ធនាគារ ២ឆ្នាំ ប្រសិនបើមិនសងសំណងទៅរដ្ឋ។ នៅដើមខែធ្នូនេះ តុលាការជាន់ខ្ពស់ទីក្រុងហ្សាកាតាបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក ហើយបានបង្កើនការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងតម្លើងការពិន័យជាប្រាក់ដល់  ១ពាន់លានរូពី (ជាង ៦០ម៉ឺនដុល្លារអាមេរិក) ហើយបានបញ្ជាឱ្យបង់ប្រាក់សំណងរដ្ឋដល់ ៤៧ពាន់លានរូពី (ប្រមាណជា ៣លានដុល្លារអាមេរិក)៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក