ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ចាប់បានលេខរៀងទី១ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើតាមលទ្ធផលបោះឆ្នោតលេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប។
គណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤។
តាមលទ្ធផលនៅថ្ងៃនេះ គណបក្សឆន្ទៈខ្មែរ ឈរលេខរៀងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលេខរៀងទី៣ ហើយគណបក្សកម្លាំងជាតិឈរលេខរៀងទី៤។ ពិធីចាប់ឆ្នោតកំណត់លេខរៀងឈ្មោះគណបក្សនយោបាយនៅថ្ងៃនេះ មានការយាងចាប់ឆ្នោតដោយសម្តេចព្រះសង្ឃទាំងពីរគណៈ។
គូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕