ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុននៃធារណរដ្ឋកូរ៉េ លោក Yook, Dong Han ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅប្រទេសកូរ៉េខាងត្បូង។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងពីធីចុះអនុស្សរណៈនោះលោក ហេង សួរ បានថ្លែងអំណរគុណដល់លោក Yook, Dong Han អភិបាលក្រុងឈុនឆន់ ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ។ ក្រៅពីការជ្រើសរើសពលកររដូវកាល រដ្ឋមន្ត្រី បានជំរុញឱ្យលោក អភិបាលក្រុងពិនិត្យក្នុងការជំរុញឱ្យរោងចក្រសហគ្រាសក្នុងក្រុងទទួលយកពលករជំនាញរបស់កម្ពុជា (E7) ផងដែរ។
ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណៈរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតិមុខរបរ (ESP) រួមទាំងការចុះអនុស្សរណៈនៃការយោគយល់ស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់កូរ៉េជាច្រើនមកហើយ។
សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ជាពិសេសប្រទេសកូរ៉េ គឺគួរតែឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធានាពីប្រសិទ្ធិភាព និងការការពារសិទ្ធិពលករ៕