សៀមរាប៖ ប្រាសាទនាគព័ន្ធ ស្ថិតនៅចំកណ្តាលបារាយណ៍ «ជ័យតដាក» អ្នកខ្លះហៅថា វាលរាជដាក បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ គឺជាស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨)។
មុននិងទៅដល់ប្រាសាទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវដើរឆ្លងកាត់ស្ពានដែលមានប្រវែងជិត២០០ម៉ែត្រ ដោយអាចគយគន់ផ្ទៃទឹកដែលមានផ្កាឈូក រុក្ខវារីជាតិផ្សេងៗ លាយលំខ្យល់ដ៏បរិសុទ្ធ ហាក់ប្លែកពីប្រាសាទផ្សេងៗ ដែលទស្សនីយភាពនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែប្រាថ្នាមកទស្សនាមិនដែលរំលងសោះឡើយ។
មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក ង៉ោ ពេជ្រ ធ្លាប់បាន លើកឡើងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធប៉ុណ្ណោះទេ ក្រុមការងារបានរៀបចំ ឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណតសម្រាប់ចតរថយន្ត និងម៉ូតូ មានរបៀបរៀបរយ ធ្វើឱ្យភ្ញៀវទេសចរ ដែលចូលមកទស្សនាប្រាសាទនាគព័ន្ធតែងបង្ហាញស្នាមញញឹម។
លោកបន្តថា នៅប្រាសាទនាគព័ន្ធមានប្លង់ សម្រាប់ផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែងដែលភ្ញៀវនិយមចូលមកថតរូបអនុស្សាវរីយ៍ មានដូចជានៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាពជាមួយប្រាសាទជាដើម។
ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន និងត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ព្រមទាំង មានរូបចម្លាក់ ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។
រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង ៤៕