បេក្ខភាពប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់ វាយប្រហារតាមផ្លូវផ្សេងគ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
ចិន៖ ខណៈដែលការបោះឆ្នោតរបស់កោះតៃវ៉ាន់់នឹងឈានចូលមកដល់នាខែមករានេះ មិនមែនត្រឹមតែរឿងរ៉ាវតឹងតែងជាមួយចិនដែលចោទជាបញ្ហានោះទេ ក៏ប៉ុន្តែប្រធានបទក្ដៅនេះក៏ជាផ្នែកមួយនៃការឃោសនារកសំឡេងគាំទ្រផងដែរ។ បេក្ខភាពប្រធានាធិបតីតៃវ៉ាន់ថ្មីកំពុងមានការជជែកវែកញែក និងវាយប្រហារគ្នាទៅវិញទៅមក នៅរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលជាផ្នែកមួយនៃការបង្ហាញលទ្ធិប្រជាធិបតេយ្យនៃកោះនេះ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភានៅថ្ងៃទី១៣ ខែមករារបស់កោះតៃវ៉ាន់ នឹងអាចកំណត់ពីរបៀបវារៈថ្មីមួយទៀតរបស់កោះនេះ ក្នុងការប្រឈមមុខទាមទារការគ្រប់គ្រងពីរដ្ឋាភិបាលចិន ហើយប្រធានបទទាក់ទិននឹងរដ្ឋាភិបាលក្រុងប៉េកាំងនេះ នឹងជាចំណុចសំខាន់ក្នុងយុទ្ធនាការរបស់បេក្ខភាពប្រធានាធិបតីថ្មីនីមួយៗ។
ប្រធានបទមួយដែលចាប់អារម្មណ៍ខ្លាំងជាងគេក្នុងការឃោសនាពេលនេះគឺ ទាក់ទងនឹងការធ្វើអាជីវកម្មរ៉ែខុសច្បាប់នៅលើទឹកដីដែលកាន់កាប់ដោយគ្រួសាររបស់លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (Democratic Progressive Party) ដែលជាបេក្ខភាពមានភាគរយខ្ពស់ក្នុងការបន្តតំណែងប្រធានាធិបតី ដោយផ្អែកតាមសំឡេងនៃការស្ទង់មតិ។ យ៉ាងណាមិញ លោក Lai បានបដិសេធរឿងរ៉ាវទាំងអស់នេះ ហើយថែមទាំងប្រកាសថានឹងបរិច្ចាគផ្ទះនៅលើដីដែលគេចោទប្រកាន់ពីការធ្វើអាជីវកម្មរ៉ែនេះ ដើម្បីធ្វើជាសារមន្ទីរនៃការរុករកធនធានរ៉ែ។
ក្រៅពីនេះក៏នៅមានបេក្ខជនពីររូបទៀតផងដែរ ដែលកំពុងស្ថិតក្នុងភាពលេចធ្លោនៃយុទ្ធនាការឃោសនាបោះឆ្នោតលើកនេះ ពោលគឺរួមមានលោក Hou Yu-ih មកពីគណបក្សប្រឆាំងដ៏សំខាន់គឺ Kuomintang (KMT) និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP)។ គណបក្ស DPP បានរិះគន់លោក Ko ចំពោះការកាន់កាប់កម្មសិទ្ធិលើដីស្រែជាច្រើនកន្លែងដោយខុសច្បាប់ និងបានប្រែក្លាយដីទាំងជាចំណតរថយន្ត ហើយបានរិះគន់លោក Hou បានចំណេញពីការជួលផ្ទះល្វែងជាច្រើនដែលប្រពន្ធរបស់គាត់កាន់កាប់។ យ៉ាងណាមិញ បេក្ខភាពប្រធានាធិបតីទាំងពីរគឺលោក Hou និងលោក Ko សុទ្ធតែបានចេញមុខបកស្រាយដូចគ្នា និងច្រានចោលការចោទប្រកាន់ទាំងនោះ ដោយវាយបកព័ត៌មានទាំងនោះវិញថា "ជាការប៉ាន់ស្មាន និងការបំពុលផ្នែកនយោបាយ"៕