លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

រដ្ឋមន្រ្តីបរិស្ថាន៖ ការផ្តោតលើការងារអាទិភាព ចំណេញធនធាន ទទួលបានប្រសិទ្ធភាពការងារខ្ពស់

ត្បូងឃ្មុំ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត បានលើកឡើងថា ការយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋរបស់យើងតាមគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺចំណេញធនធាន និងទទួលបានប្រសិទ្ធភាពការងារខ្ពស់។

លោក អ៊ាង សុផល្លែត លើកឡើងដូចនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានរាយការណ៍អំពីសមិទ្ធផលការងារដែលខេត្តសម្រេចបាន រួមមានការការពារ ពង្រឹងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជំរុញអនុវត្តចលនាគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» និងបានអភិវឌ្ឍន៍ ស្តារ ជួសជុល ថែទាំជាបន្តបន្ទាប់ នូវហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធបណ្តាញទឹកស្អាត ពង្រីកការផ្គត់ផ្គង់ និងការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងន័យជំរុញ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យល្អប្រសើរ និងឈានឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១ និងជាផែនការបន្តទៀតក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងការរាយការណ៍ពីអភិបាលខេត្ត រដ្ឋមន្ត្រីបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានផ្តល់អនុសាសន៍ថា ការកំណត់លើទិសដៅអាទិភាពការងារ គឺជាស្នូលនៃភាពជោគជ័យ ហើយដើម្បីសម្រេចបាននូវផែនការទាំងនេះ ចាំបាច់ត្រូវតែសម្រួចទិសដៅរបស់ខ្លួនឱ្យចំនឹងអាទិភាពការងារ ជាឧទាហរណ៍ជាក់ស្តែងក្រសួងបរិស្ថាន មានយុទ្ធសាស្ត្រចក្រា ដែលយុទ្ធសាស្រ្តគន្លឹះនេះជួយឱ្យក្រសួងសម្រេចបាននូវភាពស្អាត ហើយគោលការណ៍ស្អាតនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិ រហូតទទួលស្គាល់កម្ពុជាជាជើងឯកក្នុងវិស័យបរិស្ថាន ដែលជាមទោនភាពរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

គួរឱ្យដឹងដែរថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុប ៥ ២៥០,៥១គីឡូម៉ែត្រក្រឡា មាន១ក្រុង ០៦ស្រុក ០២សង្កាត់ ៦២ឃុំ និងមាន ៨៧៥ភូមិ ប្រជាពលរដ្ឋសរុបប្រមាណ ៨៧៤ ១៩៩នាក់។ ខេត្តត្បូងឃ្មុំ ពឹងផ្អែកលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម សេវាកម្ម និងមានច្រកចំនួន ៧ច្រក គឺច្រកអន្តរជាតិ ១ ច្រកទ្វេភាគី ២ និងច្រកតំបន់ ៤ ដែលមូលដ្ឋានក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្តឱ្យមានការកើនឡើងយ៉ាងឆាប់រហ័ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក