ថៃ៖ គណបក្ស Move Forward ដែលកំពុងទទួលការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ និងជាគណបក្សទទួលបានជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលកន្លងទៅ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៥ ខែធ្នូម្សិលមិញនេះថា គណបក្សមានសង្ឃឹមខ្ពស់ក្នុងសំណុំរឿងក្នុងតុលាការដែលកំពុងស៊ើបអង្កេតលើយុទ្ធនាការសន្យាធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ។
គួររំឮកថា គណបក្សឆ្ពោះទៅមុខ (Move Forward) បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលធ្វើឡើងកាលពីខែឧសភា ប៉ុន្តែលោក ភីតា លីមចារើនរ៉ាត់ (Pita Limjaroenrat) ដែលជាមេដឹកនាំគណបក្សនៅពេលនោះ ពុំទទួលបានសំឡេងឯកភាពគ្រប់គ្រាន់ឡើយ ក្នុងការជ្រើសតាំងឱ្យក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ។ ការប្តេជ្ញារបស់គណបក្សក្នុងការធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏តឹងតែងរបស់ប្រទេសថៃ បានធ្វើឱ្យមានការរំជើបរំជួលខ្លាំងដល់សមាជិកព្រឹទ្ធសភាដែលភាគច្រើនគាំទ្ររបបរាជានិយម និងត្រូវបានតែងតាំងដោយរបបយោធារបស់លោក ប្រាយុត ចាន់អូចា។
តុលាការធម្មនុញ្ញកំពុងពិចារណាលើញត្តិដែលលើកហេតុផលថា ការសន្យារបស់គណបក្សឆ្ពោះទៅមុខក្នុងការកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ស្មើនឹងការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ អតីតមេដឹកនាំគណបក្ស Move Forward លោក Pita ដែលបានដឹកនាំគណបក្សនៅក្នុងការបោះឆ្នោត ប៉ុន្តែបានលាលែងពីតំណែង បានផ្តល់ភស្តុតាងនៅក្នុងសវនាការកាលពីថ្ងៃចន្ទ និងបានបញ្ជាក់ថាគ្រប់យ៉ាងស្ថិតក្នុងដំណើរការល្អ។ លោក Pita បាននិយាយថា "ប្រសិនបើអ្នកក្រឡេកមើលវិសាលភាពនៃច្បាប់ និងការចោទប្រកាន់ ស្ថានការណ៍ដ៏អាក្រក់បំផុតដែលអាចកើតឡើងនោះគឺ តុលាការធម្មនុញ្ញនឹងស្នើសុំឱ្យយើងបញ្ឈប់ដំណើរការនៃយុទ្ធនាការធ្វើវិសោធនកម្មច្បាប់។ លោក Pita ក៏បានច្រានចោលការលើកឡើងដែរថា គណបក្សកំពុងប្រឈមនឹងហានិភ័យនៃការរំលាយចោលដោយតុលាការធម្មនុញ្ញ។
តុលាការបាននិយាយថា ខ្លួននឹងប្រកាសសាលក្រមក្នុងសំណុំរឿងនេះនៅថ្ងៃទី ៣១ មករា។ ដោយឡែក ប្រធានគណបក្សនាពេលបច្ចុប្បន្នគឺលោក Chaithawat Tulaton បាននិយាយថា ពួកគេមានទំនុកចិត្តថា គោលនយោបាយរបស់គណបក្សនេះមិនបានបំពានលើច្បាប់ឡើយ៕