នាយករដ្ឋមន្ត្រី៖ បើយើងអត់អាចព្យាករណ៍បានថាតើស្ថានភាពនឹងវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដែលមានទិន្នន័យនៅក្នុងដៃគឺជាផែនទីដែលអាចឱ្យរដ្ឋាភិបាលដឹងពីសភាពនិងរៀបចំគោលនយោបាយចំទិសដៅ។ សម្ដេចបានលើកឡើងថា ការងារដែលមិនអាចព្យាករណ៍ពីស្ថានភាពវិវត្តន៍បានវានឹងធ្វើឱ្យយើងដើរក្រោយសភាពការណ៍វិញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ ពីសារៈសំខាន់នៃទិន្នន័យដែលសម្ដេចថាជាផែនទី និងត្រីវិស័យសម្រាប់ការដឹកនាំរដ្ឋ ធ្វើឱ្យរដ្ឋាភិបាលបានដឹងពីស្ថានភាពដែលខ្លួនកំពុងស្ថិត បញ្ហាប្រឈម និងវិធីសាស្ត្រដោះស្រាយ។ សម្ដេចបានបន្ថែមថាការដែលដឹងពីស្ថានភាពនេះគឺមានសារសំខាន់ណាស់។
សម្ដេចបន្ថែមថា៖ «បើយើងអត់អាចព្យាករណ៍បានថា តើស្ថានភាពនឹងវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងអត់អាចបុរេសកម្មបានទេ យើងនឹងត្រូវប្រតិកម្ម ហើយតាពាក្យប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សម្អាតបញ្ហា យើងអត់បោះ បានន័យថា គោរត់ទៅហើយបានធ្វើក្រោលតាមក្រោយ យើងអត់ធ្វើក្រោលដើម្បីដាក់គោដើម្បីកុំឱ្យវារត់ ដឹងថាវាបម្រុងទៅតាមហ្នឹងដាក់ធ្នាក់ឱ្យហើយឬយ៉ាងណា?»។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថាទិន្នន័យដែលយកមកប្រើគឺត្រូវតែជាទិន្នន័យដែលមានបច្ចុប្បន្នភាពច្បាស់លាស់ មិនមែនដោយផ្អែកលើការស្រាវជ្រាវទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុកនោះទេ។
សម្ដេចថា៖ «ក្របខ័ណ្ឌគោលនយោបាយមិនមែនធ្វើឡើងផ្អែកទៅលើអ្វីដែលជាការស្រាវជ្រាវនៅក្នុងអាកាសនោះទេ មែនមែនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក បង្ហោះនៅក្នុងស្ថាប័ន តាមបណ្ដាស្ថាប័នអន្តរជាតិជាច្រើនដែលយើងមាន ដែលជាទិន្នន័យចាស់នោះទេ តែវាត្រូវផ្អែកលើទិន្នន័យ បច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី»។
លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២បានបង្ហាញថា កម្ពុជាមានអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន ខណៈ ៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលស្ត្រីជាតំណាង។អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រីចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្ដប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺវិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។ លើសពីនេះ ចំនួនអង្គភាពសេដ្ឋកិច្ចត្រូវបានបែងចែកតាមរាជធានី-ខេត្ត និងតាមទំហំនៃអ្នកចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច តាមចំណាត់ថ្នាក់នៃវិស័យសកម្មភាពសេដ្ឋកិច្ច និងតាមចំណូល-ចំណាយរបស់អង្គភាពសេដ្ឋកិច្ច៕