ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម បានឱ្យដឹងថាចំណូលពន្ធគយក្នុងឆ្នាំ២០២៣ នេះមិនអាចសម្រេចតាមផែនការនោះទេដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបរទេស និងការកើនឡើងនៃការផលិតនៅក្នុងស្រុក។ លោកថានេះជាសញ្ញាល្អនៃសេដ្ឋកិច្ចកម្ពុជាខណៈអាចងាយទៅរកការនាំចេញច្រើនវិញនាថ្ងៃអនាគត។
អគ្គនាយកគយនិងរដ្ឋាករ លោក គុណ ញឹម បានថ្លែងក្នុងសន្នីសិទសារព័ត៌មានព្រឹកថ្ងៃច័ន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សាលាជាតិគយថា ចំណូលពន្ធគយក្នុងឆ្នាំ២០២៣ អាចប៉ាន់ប្រមាណបានតែជាង៨២% ប៉ុណ្ណោះនៃផែនការជាតិឆ្នាំ២០២៣ ទោះជាយ៉ាងណាលោកថានេះជាចំណុចល្អនៃការអភិវឌ្ឍន៍ប្រទេស។
លោក គុណ ញឹម៖ «ជារួមនេះគឺចំណូលពន្ធគយធ្លាក់ ហើយជានិន្នាការដែលអ្នកទាំងអស់គ្នាឃើញមួយផ្នែកថាជាបញ្ហាប្រឈមដោយសារចំណូលគយធ្លាក់ចុះ តែត្រូវមើលមួយជ្រុងទៀតដែរ។ នេះសេដ្ឋកិច្ចកម្ពុជាកើនឡើងតើព្រោះយើងមានផលិតកម្មក្នុងស្រុក»។
បើតាមលោក គុណ ញឹម ការធ្លាក់ចុះចំណូលពន្ធគយដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានធ្វើជាមួយប្រទេសដទៃដែលបានបើកទីផ្សារដល់ផលិតផលកម្ពុជាទៅក្រៅប្រទេស ខណៈនៅក្នុងប្រទេសមានរោងចក្រជាច្រើនបានបង្កើតដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។
លោកពន្យល់ថាផលចំណេញសេដ្ឋកិច្ចរបស់កម្ពុជា ទាក់ទងនឹងការថយចុះចំណូគយនោះគឺកម្ពុជាមិនចំណាយលុយពីបរទេសទៀតនោះទេដោយសារក្នុងស្រុកអាចផ្គត់ផ្គង់គ្រប់គ្រាន់ដែលឱ្យប្រទេសរក្សាចំណូលក្នុងស្រុកមិនឱ្យហូរទៅក្រៅ ខណៈក៏នឹងកំពុងបើកទីផ្សារប្រមូលចំណូលពីក្រៅប្រទេសចូលស្រុកផងដែរដែលនេះជាផលចំណេញ៕